ក្លឹប PSG មាន​បញ្ហា​ហិរញ្ញវត្ថុ! ​អនាគត​របស់ Messi អាច​ប្រែប្រួល​ឆាប់​ៗ​នេះ

ក្នុង​ស្ថានការណ៍​ដែល​កំពុង​ទទួលរង​ហានិភ័យ​នៃ​ការពិន័យ ដោយសារ​ការបំពានច្បាប់​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ ក្លឹប PSG បាន​ប្រាកដជា​នឹងធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាក់ទង​នឹង​អនាគត​របស់ Lionel Messi។

យោងតាម​ប្រភពព័ត៌មាន​នៅ​ប្រទេស​បារាំង​នាថ្មីៗនេះ ក្លឹប PSG កំពុង​ប្រឈម​នឹង​ការពិន័យ​ទាក់ទិន​នឹង​បញ្ហា​តុល្យភាព​ហិរញ្ញវត្ថុ​ពី UEFA ដោយសារតែ​បញ្ហា​មូលនិធិ​ប្រាក់បៀវត្សរ៍​របស់​ពួកគេ​កំពុង​រីក​ធំ។

បើសិន​មិនអាច​ធ្វើឱ្យមាន​តុល្យភាព​នៃ​ខ្ទង់​ប្រាក់ចំណូល-ចំណាយ ក៏ដូចជា​ការកែសម្រួល​ប្រព័ន្ធ​រកប្រាក់​ចំណូល​របស់​ក្រុម​កីឡាករ​នោះទេ ក្លឹប PSG នឹង​ត្រូវបាន​ហាមឃាត់​ មិន​ឱ្យ​​ចូលរួម​ប្រកួត​នៅ​ពាន​រង្វាន់​ Champions League ចាប់ពី​រដូវ​កាល 2024/2025។

ក្នុង​កាលៈទេសៈ​នោះ ទំព័រ L’Equipe ថ្មីៗនេះ​ក៏បាន​បង្ហើប​ឱ្យដឹងថា PSG កំពុង​ត្រូវ​បង្ខំ​ឱ្យមាន​ការសម្រេចចិត្ត​សំខាន់​មួយ​ដែល​គ្មាន​នរណា​ចង់​ធ្វើ។ ជាក់ស្ដែង PSG ត្រូវបាន​គេ​យល់ថា​បាន​ផ្អាក​ការចរចា​ទាំងស្រុង​ជាមួយនឹង Messi ទាក់ទង​នឹង​កិច្ចសន្យា​ថ្មី។

កាលពី​រដូវ​កាល​ឆ្នាំ 2021 El Pulga បាន​ចាក​ចេញពី Barcelona និង​បាន​ទៅ​ទាត់​ឱ្យ PSG តាម​ទម្រង់ ទិញដូរ​ដោយ​សេរី។ ប្រាក់ចំណូល​របស់ M10 ក៏បាន​ឡើង​ជិត​ដល់​មួយ​លាន​អឺរ៉ូ/សប្ដាហ៍។ ក៏ប៉ុន្តែ PSG ទំនងជា​ត្រូវ​បង្ខំចិត្ត​ទុកឱ្យ​ម្ចាស់​ពានរង្វាន់​បាល់​មាស​ចំនួន 7 គ្រាប់​នេះ ចាក​ចេញពី​ក្លឹប ក្រោយ​រដូវ​កាល​បាល់ទាត់​បានបញ្ចប់​នាពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ធ្វើតាម​គោលការណ៍​របស់ UEFA។

កន្លងមក PSG តែងតែ​បង្ហាញថា ខ្លួន​ចង់ឱ្យ Messi បន្ត​ទាត់​នៅ​អឺរ៉ុប។ យ៉ាងណាក៏ដោយ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ក្រុម​មេដឹកនាំ​របស់ PSG យល់ថា ពួកគេ​នឹង​ជួប​បញ្ហា​អាក្រក់ បើសិន​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការរក្សា Messi។ ចំណែក M10 ក៏​ប្រាកដជា​នឹងមិន​ទទួលយក​ការកាត់បន្ថយ​ប្រាក់បៀវត្សរ៍​ដើម្បី​បន្ត​ឈរជើង​នៅ Parc de Princes។ ដូច្នេះ ភាគរយ​នៃ​ការចាកចេញ​ពី​ក្លឹប PSG របស់ Messi មកដល់ពេលនេះ​គឺមាន​កម្រិត​ខ្ពស់៕

Leave a Comment