ភ្នំពេញ៖ លោកស្រី ខារីន សាលឺណូ (Carin Salerno) នាយិកាទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការបានលើកឡើងថា រដ្ឋាភិបាលស្វ៊ីសនឹងពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះ និងក្រីក្រនៅតាមខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជាដើម្បីឱ្យយុវជនទាំងនោះទទួលបាននូវឱកាសការងារសមរម្យនៅក្នុងសង្គម។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី26 តុលា ម្សិលមិញ លោកស្រីនាយិកាបានពិភាក្សាការងារអំពីគម្រោងរួមគ្នារវាងអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងផ្តល់ឱកាសការងារទៅដល់យុវជនដែលគម្រោងនេះភាគីស្វ៊ីសជាអ្នកផ្តល់ហិរញ្ញប្បទាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងគាំទ្រចំពោះរដ្ឋាភិបាលស្វ៊ីសដែលបានជួយដល់ គម្រោងអភិវឌ្ឍន៍ជំនាញដល់យុវជនងាយរងគ្រោះ និងក្រីក្រកម្ពុជានៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ដោយបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ជួលជុលគ្រឿងយន្តកសិកម្ម កែសម្ជស្ស និងជំនាញផ្នែកសម្អាងការ។
ឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ បាន ផ្តល់ហិរញ្ញប្បទានដល់គម្រោងរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឱកាសការងារយុវជន។ ក្រៅពីជួយលើការងារបណ្តុះបណ្តាល រដ្ឋាភិបាលស្វ៊ីសតាមរយៈទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសប្រតិបត្តិការបានជួយគាំទ្រចំពោះការអនុវត្តគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូច្នេះគម្រោងទាំងអស់នេះពិតជាបានផ្តល់វឌ្ឍនភាព និងផ្តល់ឱកាសច្រើនទៅដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលបាត់បង់ឱកាស ដែលរស់នៅតំបន់ដាច់ស្រយាល ឬក៏ខេត្តឆ្ងាយៗអាចទទួលបានឱកាសថ្មីឡើងវិញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ។
គេសង្កេតឃើញថា នៅពេលដែលយុវជនរៀនចេះជំនាញអ្វីមួយច្បាស់លាស់ហើយ មិនថាជំនាញបដិសណ្ឋារកិច្ច គ្រឿងយន្ត អេឡិចត្រូនិក កសិកម្ម កែសម្ផស្ស ឬសម្អាងការនោះទេ ពួកគេនឹងមិនសូវធ្វើចំណាកស្រុក ឬជួបការលំបាកក្នុងការស្វែងរកការងារធ្វើនោះទេ ប៉ុន្តែពួកគេនឹងបង្កើតការងារដោយខ្លួនឯង រកប្រាក់ចំណូលបានសមរម្យ ដូចពាក្យចាស់លោកថា«ចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ ចេះប្រាកដប្រាក់រត់តាមហៅ»៕