(បារាំង) – យកឈ្នះលើ Kylian Mbappe និង Karim Benzema កំពូលតារាបាល់ទាត់វ័យ 36 ឆ្នាំ Lionel Messi ដណ្ដើមបានពានរង្វាន់ The Best របស់ FIFA ជាលើកទីពីរកាលពីព្រលប់ថ្ងៃទី 27 កុម្ភៈ 2023។
«ពាន់រង្វាន់នេះ ខ្ញុំទុកសម្រាប់មិត្តរួមក្រុម ជំនួសឱ្យពាក្យអរគុណចំពោះអ្វីដែលពួកគេធ្វើបាន» Messi ថ្លែងដូច្នេះបន្ទាប់ពីបានទទួលពានរង្វាន់ពីប្រធាន FIFA លោក Gianni Infantino។ «តំណែងជើងឯក World Cup គឺជាប្រកាសអស្ចារ្យបំផុតចំពោះខ្ញុំនៅក្នុងអាជីពជាកីឡាករបាល់ទាត់»។
ចុងបញ្ចប់នៃការថ្លែងការណ៍កាលពីវេលាម៉ោងជាង 22 (ម៉ោងនៅបារីស) Messi ថែមទាំងនិយាយប្រាប់កូនប្រុសទាំង 3 ដែលអង្គុយលើកៅអីសម្រាប់ភ្ញៀវនៅខាងមុខថា «Thiago, Mateo, Ciro ដល់ពេលទៅគេងហើយ»។
ពានរង្វាន់ថ្មីនេះបានជួយឱ្យ Messi មានពាន The Best ចំនួន 2 ដែលស្មើនឹង Cristiano Rolando និង Robert Lewandowski។ បើគិតទាំងពានរង្វាន់នានាដែលផ្ដល់ដោយ FIFA ចាប់ពីឆ្នាំ 1991 កំពូលកីឡាករអាហ្សង់ទីនរូបនេះមានពានសរុបឡើងដល់ 7 ក្នុងគ្រាដែល Ronaldo ទទួលបានតែ 5 ប៉ុណ្ណោះ។
FIFA ជ្រើសរើសបេក្ខភាព The Best 2022 ដោយយោងទៅលើសមិទ្ធផលចាប់ពីថ្ងៃទី 08 សីហា 2021 ដល់ 18 ធ្នូ 2022។ ក្នុងអំឡុងពេលនោះ Messi ស៊ុតបញ្ចូលទីបាន 45 គ្រាប់ និងបង្កឱកាសរកបានគ្រាប់បាល់ចំនួន 34 លើក នៅក្នុង 74 ប្រកួត រួមនឹងការដណ្ដើមបានជើងឯក World Cup 2022, ពានរង្វាន់បាល់ទាត់អន្តរទ្វីប (CONMEBOL–UEFA Cup of Champions) ដែលអាហ្សង់ទីនដណ្ដើមបាន, Ligue 1 និងពានរង្វាន់បាល់ទាត់បារាំង (Trophée des Champions) ដែល PSG ដណ្ដើមបាន ក៏ដូចជាពានរង្វាន់បាល់មាស World Cup 2022៕