និស្សិតស្រីម្នាក់ឈ្មោះ June ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងកុំព្យូទ័រយួរដៃភ្ជាប់អ៊ីនធើណិតដើម្បីស្វែងរកម្ដាយដែលបានបាត់ខ្លួននៅពេលដើរទេសចរណ៍នៅបរទេសក្នុងភាពយន្តថ្មីមួយដែលមានចំណងជើងថា «Missing»។
«Missing» គឺជាខ្សែភាពយន្តរបស់ផលិតករភាពយន្តមួយក្រុមដែលធ្លាប់បានទទួលជោគជ័យជាមួយនឹងគម្រោងភាពយន្ត «Searching (2018)» នោះគឺ Aneesh Chaganty, Will Merrick និង Nick Johnson។ សាច់រឿងរបស់ «Missing» និយាយពីសិស្សស្រីម្នាក់ឈ្មោះ June Allen (សម្ដែងដោយ Storm Reid) រើទៅរស់នៅក្នុងទីក្រុង Los Angeles ជាមួយម្ដាយ Grace Allen (Nia Long) បន្ទាប់ពីឪពុកនាងបានស្លាប់។ នៅពេលជិតពេញវ័យ June ប្រែជាមិនស្និទ្ធស្នាលជាមួយញាតិសន្ដាន ហើយពេលវេលាភាគច្រើនរបស់នាងគឺការនៅជាមួយមិត្តភ័ក្ដិ និងឧបករណ៍បច្ចេកវិទ្យា។
ថ្ងៃមួយ Grace Allen មានមិត្តប្រុសថ្មីឈ្មោះ Kevin (Ken Leung) តាមរយៈអែបណាត់គ្នា។ អ្នកទាំងពីរសម្រេចចិត្តធ្វើដំណើរទេសចរណ៍នៅ Colombia ហើយក៏បានបាត់ខ្លួន។ នៅផ្ទះម្នាក់ឯង June ចាប់ផ្ដើមតាមដាន ស្រាវជ្រាវលើអ៊ីនធើណិតដោយការលួចចូលគណនីបណ្ដាញសង្គមរបស់ម្ដាយ និង Kevin ដើម្បីស្វែងរកទីតាំងដែលពួកគេបានទៅ។ June ក៏បានរកឃើញអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងអតីតកាលរបស់គ្រួសារនាង។
ដូចទៅនឹង «Searching» ភាគយន្តរឿង «Missing» បន្តនាំមកនូវរឿងរ៉ាវគួរភ្ញាក់ផ្អើលជាច្រើនទាក់ទងនឹងបច្ចេកវិទ្យា ក៏ដូចជាបញ្ហាពិបាកដោះស្រាយជាច្រើន។ ក្រុមអ្នកផលិតរឿងបានបញ្ចូលកត្តាបច្ចេកវិទ្យាទៅក្នុងសាច់រឿងប្រកបដោយភាពប្រទាក់ក្រឡា។ ទស្សនិកជននឹងបានឃើញសបវ៉ែរ និងកម្មវិធីដែលគេប្រើរាល់ថ្ងៃ ក្នុងនោះមានទាំង Facebook, Instagram ឬជំនួយការនិម្មិត Siri ជាដើមនៅក្នុងខ្សែភាពយន្តនេះ។ June អាចតាមដានម្ដាយនាងដោយការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសន្តិសុខ ឬតារាងស្ថិតិនៃទីតាំងដែលបានដើរឆ្លងកាត់របស់ Google Maps។
ក្រៅពីរឿងរ៉ាវបំបែកសំណុំរឿងរបស់ June សាច់រឿងក៏ទាក់ទាញចំណាប់អារម្មណ៍ផងដែរដោយមានខ្លឹមសារស្ដីពីការការពារទិន្នន័យ និងសុវត្ថិភាពលើអ៊ីនធើណិត។ ដោយគ្រាន់តែប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ June អាចចូលគណនីអ៊ីមេល បណ្ដាញសង្គមរបស់ម្ដាយនាង និង Kevin បានដោយងាយ។ ទស្សនិកជននឹងភ្ញាក់ផ្អើលនៅពេលដឹងថា ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនងាយនឹងត្រូវគេលួចបាន បើសិនមិនយកចិត្តទុកដាក់លើការការពារ។
រឿង «Missing» ទទួលបានការវាយតម្លៃខ្ពស់ពីក្រុមអ្នកវាយតម្លៃអន្តជាតិ
ក្រុមអ្នកផលិតបានទទួលជោគជ័យក្នុងការអូសបន្លាយការចង់ដឹងរបស់ទស្សនិកជនដោយការបង្កើតបញ្ហាពិបាកដោះស្រាយ។ June អាចតាមរកដានម្ដាយនាងដោយការប្រើប្រាស់អ៊ីនធើណិតតែប៉ុណ្ណោះ។ ដូច្នេះ ចំណុចដ៏តូចមួយក៏ត្រូវបានក្រុមអ្នកដឹកនាំរឿងធ្វើឱ្យទៅជាតម្រុយសំខាន់ដើម្បីស្វែងរក។
រឿង «Missing» ទទួលបានការវាយតម្លៃខ្ពស់ពីក្រុមអ្នកវាយតម្លៃអន្តជាតិ ដោយទទួលបានពិន្ទុ 86% ក្នុងចំណោមការវាយតម្លៃសរុបចំនួន 110 លើក នេះបើតាម Rotten Tomatoes។ ភាគច្រើនយល់ថា ក្រុមអ្នកផលិតជោគជ័យក្នុងការធ្វើឱ្យទស្សនិកជនត្រូវផ្ដោតអារម្មណ៍តាមដាន និងរង់ចាំការស្រាយអាថ៌កំបាំង។ ក៏ប៉ុន្តែ អ្នកវាយតម្លៃខ្លះយល់ថា ចង្វាក់ប្រទាក់ក្រឡាគ្នានៅក្នុងភាពយន្តនេះ «លឿនពេក» ហើយសាច់រឿងនៅមានចន្លោះប្រហោងមួយចំនួន៕