បទ​ចម្រៀង «Cheri​ Cheri ​Lady»​ ក្នុង​​ទសវត្សរ៍​​ឆ្នាំ​ 1980​ កក្រើក​​ឡើង​ជា​​ថ្មី

បទ​ចម្រៀង «Cheri Cheri Lady» របស់​ក្រុម​ចម្រៀង Modern Talking បាន និង​កំពុងតែ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​តារា​ចម្រៀស​ស្រី​វ័យ 16 ឆ្នាំ Malena យកមក​ច្រៀង​ឡើងវិញ។

បទ​ចម្រៀង​នេះ​ត្រូវបាន​ផលិតកម្ម Tokionine រី​ម៉ិច​ជាមួយនឹង​សំឡេង​បែប​ទំនើប ប៉ុន្តែ​នៅតែ​រក្សាបាន​ស្មារតី​របស់​ចង្វាក់ dance-pop ដែល​បានបង្ហាញ​វត្តមាន​តាំងពី 4 ទសវត្សរ៍​មុន។ «ខ្ញុំ cover ចង្វាក់​ដែល​ពិសេស​នៅ​អឺរ៉ុប​កាលពី​ទសវត្សរ៍​ឆ្នាំ 1980 នេះ ក៏​ព្រោះ​គិតថា បទ​នេះ​នឹង​រម្លឹក​អនុស្សាវរីយ៍​របស់​មនុស្ស​ជាច្រើន» Malena សរសេរ​លើ Instagram ដូច្នេះ។

នៅលើ Youtube ទស្សនិកជន​ភាគច្រើន​កោតសរសើរ​សំឡេង​ដ៏​ផ្អែមល្ហែម និង​សមស្រប​របស់ Malena។ បទ​ចម្រៀង «Cheri Cheri Lady» ដែល Malena បាន​ច្រៀង​ឡើងវិញ​នេះ​កំពុង​ក្លាយជា​បទ background សម្រាប់​វីដេអូ TikTok ជាច្រើន ដែលមាន​អ្នកមើល​រាប់លាន​នាក់។ ចំណែក​បទ​ចម្រៀង «Cheri Cheri Lady» របស់​ម្ចាស់​ដើម ក៏​ត្រូវបាន​ស្វែងរក​ច្រើន​ផងដែរ​នៅក្នុង​បណ្ដាញ​សង្គម។

បទ​ចម្រៀង «Cheri Cheri Lady» ដែល Malena បាន​ច្រៀង​ឡើងវិញ

«Cheri Cheri Lady» គឺជា​ផលិតផល​ដំបូង​របស់​ក្មេងស្រី​វ័យ 16 ឆ្នាំ ជនជាតិ​អា​មេ​នី នាង Malena បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​លេខ​មួយ Junior Eurovision Song Contest កាលពី​ចុងឆ្នាំ​កន្លង។

បទ​ចម្រៀង «Cheri Cheri Lady» របស់​ម្ចាស់​ដើម គឺជា​បទ​ក្នុង​អាល់​ប៊ូ​ម​ទី​ពីរ «Let’s Talk About Love» របស់ ក្រុម Modern Talking ដែល​ត្រូវបាន​បញ្ចេញ​លើ​ទីផ្សារ​កាលពី​ឆ្នាំ 1985 និង​បាន​ក្លាយជា​បទ​ចម្រៀង​លេចធ្លោ​ជាងគេ​នៅ​អឺរ៉ុប​កាលពី​សម័យ​នោះ។

បទ​ចម្រៀង «Cheri Cheri Lady» របស់​ម្ចាស់​ដើម

ក្រុម​តន្ត្រី​ប៉ុប​អាល្លឺម៉ង់ Modern Talking មាន​សមាជិក 2 នាក់ រួមមាន អ្នកដឹកនាំ​សម្ដែង និង​ជា​អ្នកនិពន្ធ ផលិតករ Dieter Bohlen និង​តារាចម្រៀង Thomas Anders៕

Leave a Comment