(អារ៉ាប៊ីសាអូឌិត)- កីឡាករខ្សែប្រយុទ្ធវ័យ 38 ឆ្នាំ Cristiano Ronaldo បង្កឱកាសឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ ជួយឱ្យក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅវគ្គ 17 នៃពានរង្វាន់ Saudi League កាលពីព្រលប់ថ្ងៃទី 17 កុម្ភៈ។
ថ្វីបើមិនបានស៊ុតបញ្ចូលទី ប៉ុន្តែ Ronaldo នៅតែបានរួមចំណែកធំនៅក្នុងជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Al Nassr ដោយការបញ្ជូនបាល់ពីរគ្រាប់ជួយឱ្យ Abdulrahman Ghareeb និង Abdullah Madu ស៊ុតបញ្ចូលទីបានសម្រេច។ នេះគឺជាការបង្កឱកាសដំបូងៗដែល CR7 បានធ្វើឡើងនៅ Saudi League ហើយជួយឱ្យ Al Nassr ដណ្ដើមបានតំណែងកំពូលតារាងពី Al Ittihad មកវិញ។
Ronaldo មានឱកាសពីរលើកដើម្បីស៊ុតផ្ដាច់ ប៉ុន្តែគាត់ធ្វើមិនអាចធ្វើបាន។ យ៉ាងណាក៏ដោយ Al Nassr នៅតែជាក្រុមដែលរកបានគ្រាប់បាល់មុនគេ គឺនៅនាទីទី 17។ ក្រោយពីទទួលបានបាល់នៅកណ្ដាលទីលាន Ronaldo ក៏បញ្ជូនរហ័សឱ្យ Ghareeb ឆ្ពោះទៅកាន់តំបន់គ្រោះថ្នាក់ ប្រឈមមុខនឹងអ្នកចាំទី។ ខ្សែបម្រើ Ghareeb ក៏ស៊ុតកោងខ្ពស់ ផ្ដួលអ្នកចាំទីបានសម្រេច ជួយឱ្យ Ronaldo មានគ្រាប់បាល់បង្កឱកាសបានជោគជ័យលើកដំបូងនៅពានរង្វាន់ Saudi League។
ក្រុមម្ចាស់ផ្ទះ Al Nassr ត្រូវបាន Al Taawoun រកបានគ្រាប់បាល់ស្មើ 1-1 នៅនាទីទី 47 ប៉ុន្តែត្រូវបាន Al Nassr បន្តរកបាន 1 គ្រាប់ទៀតនៅនាទីទី 78។ ខ្សែបម្រើ Luiz Gustavo Al Nassr ស៊ុតពីជាយតំបន់គ្រោះថ្នាក់ ត្រូវចំទីតាំងរបស់ Ronaldo ភ្លាមនោះ CR7 ក៏ទប់ រួចបាល់ក៏ស្ថិតនៅក្បែរជើង ល្មមឱ្យ Madu ស៊ុតប៉ើងសំណាញ់ទី របស់ Al Taawoun។ ដំបូង អាជ្ញាកណ្ដាលមិនទទួលស្គាល់គ្រាប់បាល់នេះ ប៉ុន្តែក្រោយពីបានមើលសកម្មភាពឡើងវិញ គាត់ក៏ប្ដូរការសម្រេចចិត្ត។
https://www.youtube.com/watch?v=_B2GVqKtfDU
ក្លឹប Al Nassr ឈ្នះ Al Taawoun 2-1 នៅវគ្គ 17 នៃពានរង្វាន់ Saudi League កាលពីព្រលប់ថ្ងៃទី 17 កុម្ភៈ
ចប់ការប្រកួត ក្រុម Al Taawoun ដែលកំពុងឈរលំដាប់ទីប្រាំនៅ Saudi League ត្រូវចាកចេញដោយដៃទទេ ខណៈ Al Nassr ត្រលប់ទៅកាន់តំណែងកំពូលតារាង។
នៅក្នុងការរកបាន 7 គ្រាប់នាពេលថ្មីៗនេះរបស់ក្លឹប Al Nassr គឺសុទ្ធតែមានស្នាមស្បែកជើងរបស់ Ronaldo ដោយគាត់រកបាន 5 គ្រាប់ និងបង្កឱកាសបាន 2 គ្រាប់។
នៅវគ្គបន្ទាប់ ក្រុមរបស់ Ronaldo នឹងធ្វើជាភ្ញៀវនៅលើទីលានរបស់ Damac ដែលកំពុងឈរលើលំដាប់ទី 7 នៅថ្ងៃទី 25 កុម្ភៈខាងមុខ ហើយក្រោយមកនឹងត្រលប់មកធ្វើជាម្ចាស់ផ្ទះ ដោយត្រូវប៉ះនឹងក្រុមបាតតារាង Al Batin៕