ខ្សែការពារ Dani Alves បានបញ្ចេញមតិជាលើកដំបូង បន្ទាប់ពីត្រូវជាប់ពន្ធនាគារព្រោះតែការចោទប្រកាន់ពីបទបំពានផ្លូវភេទ។
មុននេះមិនយូរប៉ុន្មាន អតីតខ្សែការពាររបស់ Barcelona កីឡាករ Dani Alves ត្រូវបានចាប់ខ្លួនក្រោមហេតុផលរំលោភបំពានផ្លូវភេទលើស្ត្រីម្នាក់នៅក្នុងបន្ទប់ទឹកនៅក្លឹបរាត្រី។ តុលាការជាន់ខ្ពស់នៅទីក្រុង Barcelona ក៏បានចេញបញ្ជាឱ្យឃុំខ្លួនដោយមិនមានការធានាចំពោះកីឡាករប្រេស៊ីលរូបនេះផងដែរ។
ថ្មីៗនេះ កាលពីថ្ងៃទី 29 មករា កីឡាករជម្រើសជាតិប្រេស៊ីល Alves បានបញ្ចេញមតិជាលើកដំបូង រាប់ចាប់តាំងពីបានចូល «រាប់ថ្ងៃខែ» នៅមន្ទីរឃុំខាំង។ គាត់អះអាងថា «ក្នុងដំណាក់កាលនេះ Dani Alves គឺជាមនុស្សម្នាក់ផ្សេងទៀត។ ខ្ញុំទទួលយកគ្រប់បញ្ហាដែលនឹងកើតឡើង»។
«ខ្ញុំចាកចោលផ្ទះតាំងពីអាយុ 15 ឆ្នាំ ហើយបានឆ្លងកាត់រឿងរ៉ាវអាក្រក់ជាច្រើនក្នុងជីវិត។ នេះគឺជាឧបសគ្គមួយផ្សេងទៀតដែលខ្ញុំត្រូវឆ្លងកាត់។ ខ្ញុំមិនខ្លាចអ្វីទាំងអស់» Alves រៀបរាប់។
បើទោះជាត្រូវជាប់ពន្ធនាគារ ប៉ុន្តែកីឡាករវ័យ 39 ឆ្នាំនេះនៅតែអាចលេងបាល់ ហើយគាត់ទើបតែបានចូលរួមប្រកួតដំបូងនៅមន្ទីរឃុំឃាំង Brians 2។ នៅទីនេះ មនុស្សជាច្រើនចង់ឃើញ និងចង់លេងបាល់ជាមួយ Dani Alves ព្រោះថា ភាពល្បីល្បាញរបស់គាត់គឺជាប្រការដែលមិនអាចបដិសេធបាន។
ក្នុងរឿងក្ដីនេះ មេធាវីរបស់ Alves កំពុងប្រឹងប្រែងដើម្បីឱ្យកូនក្ដីឆាប់បាននៅក្រៅឃុំ។ ប៉ុន្តែ បើសិនជាបាននៅក្រៅឃុំ Alves ក៏នឹងត្រូវពាក់ខ្សែដៃអេឡិចត្រូនិចរបស់ប៉ូលិស ដើម្បីឱ្យប្រាកដថា គាត់មិនអាចចាកចេញពីប្រទេសអេស្ប៉ាញ។
មុននោះ Dani Alves បានបដិសេធការចោទប្រកាន់ ប៉ុន្តែក្រោយមកក៏បានសារភាពនូវអំពើដែលគាត់បានធ្វើ ដោយសារតែសមត្ថកិច្ចមានភស្ដុតាងគ្រប់គ្រាន់។ ក្នុងករណីអាក្រក់បំផុត បើសិនជាត្រូវបានកាត់ទោសពីបទរំលោភសេពសន្ថវៈ Dani Alves អាចនឹងត្រូវដេករាប់ថ្ងៃខែរហូតដល់ 18 ឆ្នាំ៕