ស្ថាប័នគ្រប់គ្រងវិស័យបាល់ទាត់ពិភពលោក FIFA នឹងបញ្ចេញគោលការណ៍ថ្មីដើម្បីទប់ស្កាត់អ្នកចាំទីប្រើក្បាច់ «ចំអក» ធ្វើឱ្យគូប្រជែងបែកអារម្មណ៍ ក្រោយពីមានភាពចម្រូងចម្រាសបន្ទាប់ពីកីឡាករ Emiliano Martinez បានបង្កឡើងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2022 រវាងអាហ្សង់ទីន និងបារាំង។
ក្នុងយុទ្ធនាការដណ្ដើមពានរង្វាន់ជើងឯក World Cup 2022 អ្នកចាំទី Emiliano Martinez គឺជាកីឡាករលេចធ្លោនៅក្បែរ Lionel Messi។ អ្នកចាំទីរបស់ក្លឹប Aston Villa នេះបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងសំណាញ់ទី ពិសេសនៅក្នុងការស៊ុត 11 ម៉ែត្រ ដែលបានជួយឱ្យអាហ្សង់ទីនក្លាយជាជើងឯក ក្រោយការរង់ចាំអស់ 36 ឆ្នាំ។
អ្នកចាំទី Emiliano Martinez គឺជាវីរបុរសរបស់ប្រជាជនអាហ្សង់ទីន ប៉ុន្តែក៏ជា «បន្លា» ក្នុងភ្នែករបស់អ្នកគាំទ្រជាច្រើន ក្នុងនោះក៏មានបារាំងផងដែរ។ ក្រោយពីដណ្ដើមបានពាន World Cup 2022 អ្នកចាំទីរូបនេះបានបញ្ចេញកាយវិការចំអកឱ្យ Mbappe នាំឱ្យមានការរិះគន់ច្រើននៅពេលនោះ។
ជាងនេះ អ្នកចាំទី Emiliano Martinez ថែមទាំងបានអបអរជ័យជម្នះនៅពេលខ្លួនទទួលបានពានស្រោមដៃមាសសម្រាប់អ្នកចាំទីឆ្នើមបំផុតនៅ World Cup 2022 ដោយការយកស្រោមដៃមាសនេះដាក់ពីមុខ «របស់ពិសេស» នៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។
ទោះជាយ៉ាងនេះក៏ដោយ គេនៅតែមិនអាចបដិសេធសមត្ថមភាពចាប់បាល់ពិន័យ 11 ម៉ែត្ររបស់អ្នកចាំទី Emiliano Martinez រូបនេះ។ គាត់បានជួយសង្គ្រោះអាហ្សង់ទីន។ ក្រោយការស៊ុតរបស់កីឡាករបារាំង អ្នកចាំទី Martinez ចេះតែទាត់បាល់ឱ្យចេញឆ្ងាយពីចំណុច 11 ម៉ែត្រ ដើម្បីដាក់សម្ពាធលើកីឡាករជាគូប្រជែង។ អ្នកចាំទីរូបនេះក៏ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងបន្ទាប់ពីបាល់ពិន័យគ្រាប់ទីបីរបស់បារាំង ដោយសារតែបង្កភាពតានតឹងដាក់ Tchouameni ជាបន្តបន្ទាប់។
យោងតាម The Sun ឥរិយាបថដូចករណីអ្នកចាំទី Emiliano Martinez ទំនងជានឹងត្រូវ FIFA ពិនិត្យឡើងវិញ។ FIFA កំពុងត្រៀមបញ្ចេញគោលការណ៍ថ្មីដើម្បីហាមអ្នកចាំទីបញ្ចេញឥរិយាបថបង្កហេតុដាក់គូប្រជែងនៅពេលទាត់បាល់ពិន័យ។ កន្លងមក អ្នកចាំទី Emiliano Martinez បានប្រើប្រាស់ចំណុចនេះបានយ៉ាងល្អ នៅមុនការត្រៀមចាប់បាល់ពិន័យម្ដងៗ ក្នុងពេលលេងឱ្យក្លឹប Aston Villa និងក្រុមជម្រើសជាតិអាហ្សង់ទីន។
FIFA នឹងអនុម័តគោលការណ៍ថ្មីនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេដែលនឹងធ្វើឡើងក្នុងខែមីនាខាងមុខ មុនពេលមាត្រាថ្មីនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងច្បាប់បាល់ទាត់។ គោលការណ៍ថ្មីទាំងនេះក៏អាចទប់ស្កាត់អ្នកចាំទីរាំរែក ឬបញ្ចេញកាយវិការនានាដែលអាចជាសម្ពាធសម្រាប់គូប្រកួត ព្រោះថា ប្រការនោះក៏ត្រូវបានចាត់ទុកថាជាសកម្មភាពបំបែកអារម្មណ៍៕