ក្រុមហ៊ុនរចនា Lazzarini របស់អ៊ីតាលី បានបង្ហើបឱ្យដឹងពីគំរូនាវាទេសចរណ៍លំដាប់ប្រណិត អាចហោះក្បែរផ្ទៃទឹកក្នុងល្បឿន 140 គីឡូម៉ែត្រ/ម៉ោង។
នាវាទេសចរណ៍លំដាប់ប្រណិតនេះត្រូវបានហៅថា Plectrum យកលំនាំតាមនាវាប្រណាំង Luna Rossa របស់ក្លឹប American Magic ដោយប្រើប្រាស់ស្លាបក្រោមទឹកជំនាន់ថ្មី។ នាវានេះនឹងមានប្រវែង 74 ម៉ែត្រ និងត្រូវបានផលិតពីវត្ថុធាតុកាបូនស្រាល នេះបើតាមការចុះផ្សាយកាលពីថ្ងៃទី 25 មករា របស់ Interesting Engineering។
Plectrum មាន 4 ជាន់, បន្ទប់ទទួលភ្ញៀវចំនួន 6, បន្ទប់មួយជួរសម្រាប់ម្ចាស់នាវា, អាងហែលទឹកខាងក្រៅបន្ទប់, កន្លែងដាក់ឧទ្ធម្ភាគចក្រ, កន្លែងដាក់រថយន្ត និងកន្លែងដាក់ទូក។
ជំនួសឱ្យការរត់ដោយកម្លាំងខ្យល់ដូច Luna Rossa គំរូ concept នៃនាវាទេសចរណ៍ប្រណិត Plectrum ប្រើប្រាស់ម៉ូទ័រចំនួន 3 គ្រឿងដែលដំណើរការដោយថ្មផ្ទុកថាមពលអ៊ីដ្រូសែន ហើយក្នុងមួយគ្រឿងៗមានកម្លាំង 5,000 សេះ។ Plectrum មានប្រព័ន្ធស្លាបក្រោមទឹកដែលជួយលើកដងខ្លួនរបស់វាឡើងផុតពីផ្ទៃទឹកពេលកំពុងបើកបរ ដែលដូចទៅនឹងការហោះហើរក្នុងល្បឿនឡើងដល់ 139 គីឡូម៉ែត្រ/ម៉ោង។
បើទោះជាកំពុងស្ថិតនៅក្នុងដំណាក់កាលជាគំនិតនៅឡើយ ប៉ុន្តែ ក្រុមហ៊ុន Lazzarini បានឱ្យដឹងថា Plectrum អាចត្រូវបានសាងសង់ទៅតាមសំណើក្នុងតម្លៃ 80 លានអឺរ៉ូ និងអាចដាក់ចុះទឹកនៅឆ្នាំ 2025។
ថ្មីៗនេះ ក្រុមហ៊ុនខាងលើក៏បានបង្កចំណាប់អារម្មណ៍ទាក់ទងនឹងនាវាទេសចរណ៍ Pangeos ខ្នាតយក្ស។ នាវានេះមានរូបរាងដូចទៅនឹងសត្វអណ្ដើកបណ្ដោយ 550 ម៉ែត្រ និងមានសណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម ឧទ្យាន កំពង់ផែ ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដែលអាចជួយឱ្យអតិថិជន 60,000 នាក់រស់នៅលើសមុទ្របានយ៉ាងមានផាសុកភាព៕