«Blonde» ដែលជាភាពយន្តប្រឌិតស្ដីពី Marilyn Monroe កំពុងនាំមុខគេនៅពានរង្វាន់ Golden Raspberry ដោយកាន់កាប់បេក្ខភាពដល់ទៅ 8 ឯណោះ។
ភាពយន្ត «Blonde» ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿង Andrew Dominik ទទួលបានការជ្រើសរើសជាបេក្ខភាពសម្រាប់តំណែង «អ្នកដឹកនាំរឿងអន់បំផុត», «សាច់រឿងអន់បំផុត», «កំណែថតឡើងវិញអន់បំផុត», «តួរងប្រុសអន់បំផុត (ពីរនាក់)» និងបេក្ខភាព «តារាសម្ដែងមួយគូអន់បំផុតក្នុងភាពយន្ត»។
«Blonde» ត្រូវបានចាក់បញ្ចាំងតាំងពីថ្ងៃទី 28 កញ្ញា 2022។ តារាសម្ដែងដើមកំណើតគុយបា Ana de Armas ដើរតួជាកំពូលតារា «និមិត្តរូបស៊ិច» ដ៏ល្បីឈ្មោះនៅ Hollywood គឺ Marilyn Monroe។ សាច់រឿងរបស់ Blonde គឺយោងទៅតាមប្រលោមលោក Blonde របស់អ្នកនិពន្ធ Joyce Carol Oates ដែលចេញផ្សាយដំបូងកាលពីឆ្នាំ 2000។
ខ្លឹមសាររបស់ប្រលោមលោក និងភាពយន្តខាងលើយកលំនាំតាមដំណឹងចចាមអារ៉ាមជុំវិញជីវភាពរបស់ Marilyn Monroe ជំនួសឱ្យការយកលំនាំតាមជីវប្រវត្តិសង្ខេប។ អ្នកតាមដាន និងអ្នកវិភាគជាច្រើនយល់ថា ភាពយន្ត Blonde នេះមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះរបស់ Marilyn Monroe។
អ្នកតាមដាន និងអ្នកវិភាគជាច្រើនយល់ថា ភាពយន្ត Blonde នេះមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះរបស់ Marilyn Monroe
ភាពយន្តមួយចំនួនផ្សេងទៀតក៏ត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់តំណែងភាពយន្តអន់បំផុត ក្នុងនោះមានដូចជា Pinocchio របស់ Disney, Morbius និង The King’s Daughter។
Golden Raspberry គឺជាពានរង្វាន់ប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1981 ដើម្បីជាការចំអកឱ្យបណ្ដាភាពយន្ត អ្នកដឹកនាំរឿង និងតារាសម្ដែងដែលបានបរាជ័យ។ ឆ្នាំនេះ ព្រឹត្តិការណ៍របស់ Golden Raspberry នឹងត្រូវធ្វើឡើងក្នុងថ្ងៃទី 12 មីនា មុនព្រឹត្តិការណ៍ Oscar មួយថ្ងៃ៕