កំពូលភាពយន្ត «Avatar 2» រកចំណូលបានជាង 2 ពាន់លានដុល្លារអាម៉េរិក នាំឱ្យលោក James Cameron ក្លាយជាអ្នកដឹកនាំរឿងដែលមានភាពយន្ត 3 រឿង សុទ្ធតែរកចំណូលបានជាង 2 ពាន់លានដុល្លារអាម៉េរិក។
យោងតាម Variety រឿង Avatar: The Way of Water គឺជាភាពយន្តដែលទទួលបានជោគជ័យជាងគេនៅឯបន្ទប់លក់សំបុត្រក្រោយវិបត្តិកូវីដ-19 និងជាប់ចំណាត់ថ្នាក់លេខ 6 ស្ដីពីខ្សែភាពយន្តដែលទាក់ទាញទស្សនិកជនបានច្រើនជាងគេនៅទូទាំងសកលលោក។ James Cameron កាន់កាប់តំណែងចំនួន 3 នៅក្នុង Top 6 នេះ រួមមាន Titanic (រកបានជិត 2.2 ពាន់លានដុល្លារ ជាប់លេខ 3), Avatar វគ្គដំបូង (រកបានជាង 2.9 ពាន់លានដុល្លារ ជាប់លេខ 1) និង Avatar 2។
ប្រាក់ចំណូលរបស់ Avatar 2 នៅអាម៉េរិកខាងជើងគឺជិត 600 លានដុល្លារ និង 230 លានដុល្លារនៅទីផ្សារចិន ខណៈនៅប្រទេសបារាំង ភាពយន្តនេះរកបាន 130 លានដុល្លារ។ ក្រៅពីនេះ ទីផ្សារដែល Avatar 2 រកចំណូលបានច្រើនដែរនោះរួមមាន អាល្លឺម៉ង់, កូរ៉េខាងត្បូង និងអង់គ្លេស។ល។
យោងតាម The Hollywood Reporter ការចំណាយលើការផលិតរឿង Avatar 2 គឺប្រហែល 400 លានដុល្លារអាម៉េរិក ហើយបូកជាមួយនឹងខ្ទង់ចំណាយសម្រាប់ការឃោសនាទៀត កញ្ចប់វិនិយោគសម្រាប់ខ្សែភាពយន្តនេះគឺយ៉ាងតិច 600 លានដុល្លារអាម៉េរិក។
លោក James Cameron ចាប់ផ្ដើមផលិតរឿង Avatar 2 តាំងពីឆ្នាំ 2010 ក្រោយពី Avatar វគ្គមួយបានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេនៅគ្រប់សម័យកាល។ បច្ចុប្បន្ន លោក Cameron បានសម្រេចចិត្តផលិតវគ្គ 3 របស់ខ្សែភាពយន្តនេះ៕