Skip to content

អាម៉េរិក​រកឃើញ​បញ្ហាធ្វើឱ្យ​កក​ស្ទះ​សកម្មភាព​អាកាសចរណ៍​​កាល​ពី​ថ្ងៃ​ទី 11 មករា

អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា បុគ្គលិក​មិន​គោរព​តាម​ដំណើរការ​គឺជា​មូល​ហេតុដែល​បណ្ដាលឱ្យមាន​បញ្ហា​​ក្នុង​ប្រព័ន្ធ​ជូន​ដំណឹង​ NOTAM ធ្វើឱ្យ​ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​ពន្យារពេល។

«ការវិភាគ​បឋម​បង្ហាញថា ហ្វា​ល​ទិន្នន័យ​មួយ​បាន​ខូច​ដោយសារ​បុគ្គលិក​មិន​គោរព​តាម​ដំណើរការ ខណៈដែល​ប្រព័ន្ធ​នៅតែ​ដំណើរ​ការធម្មតា» អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA) បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 12 មករា ស្ដីពី​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​ប្រព័ន្ធ​កុំព្យូទ័រ នាំឱ្យ​សកម្មភាព​អាកាសចរណ៍​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​កកស្ទះ​ក្នុង​រយៈពេល 90 នាទី នៅមុន​នោះ​មួយថ្ងៃ។

FAA មិនបាន​បង្ហាញ​សេចក្ដីលំអិត​អំពី​បញ្ហា​ខាងលើ ប៉ុន្តែ​សង្កត់ធ្ងន់ថា ពុំមាន​សញ្ញា​ដែល​បង្ហាញថា​មានការ​វាយប្រហារ​ពី​ហែក​ឃើ​រ​។ ប្រភពព័ត៌មាន​ដែល​ដឹក​ច្បាស់​អំពី​បញ្ហា​ខាងលើ​បានឱ្យដឹងថា ហ្វា​ល​ទិន្នន័យ​បាន​ខូច​នោះ​ បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​សំខាន់ និង​ប្រព័ន្ធ​បម្រុង។

សូមបញ្ជាក់ថា FAA កាលពី​ព្រឹក​ថ្ងៃទី 11 មករា បាន​ផ្អាក​ការហោះហើរ​ក្នុងស្រុក​អស់​ជាច្រើន​ម៉ោង បណ្ដាល​ឱ្យ​​ជើង​ហោះ​ហើរ​​ជាង​ 11,000 ត្រូវបាន​ពន្យារពេល និង​ជាង 1,100 ត្រូវបាន​លុបចោល។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បញ្ហា​កើតឡើង​ក្នុង​ប្រព័ន្ធ​ជូនដំណឹង​ផ្នែក​អាកាសចរណ៍ (NOTAM) ដែលជា​ផ្នែក​សំខាន់បំផុត​មួយ​នៅក្នុង​ការធានា​សុវត្ថិភាព​អាកាសចរណ៍​នៅ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក។

អ្នកជំនាញ​ជាច្រើន​យល់ថា ហេតុការណ៍​កាលពី​ថ្ងៃទី 11 មករា គឺជា​សញ្ញា​បង្ហាញថា ត្រូវការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធគ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *