រចនាបថបែប Haute Couture របស់ Chanel សម្រាប់កំពូលតារាសម្ដែង Margot Robbie នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផ្នែកសិល្បៈ «ផែនដីមាស» ឆ្នាំ 2023 ធ្វើឱ្យគេចំណាយពេលអស់ 750 ម៉ោងក្នុងការច្នៃម៉ូដ។
មកចូលរួមព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផែនដីមាស (Golden Globes) លើកទី 80 នៅ Los Angeles កាលពីថ្ងៃទី 10 មករា 2023 Margot Robbie ស្លៀករ៉ូបពណ៌ផ្កាឈូកខ្ចីដែលជាស្នាដៃក្នុងរចនាបថ Haute Couture 2022 របស់ Chanel។ ស្ទីលស្លៀកពាក់ និងផាត់មុខរបស់នាងគឺជាការច្នៃប្រឌិតរបស់ Kate Young ដោយយកតាមលំនាំថាមពលរបស់ Hollywood។
រ៉ូបនេះមានការដេរប៉ាក់ចំនួន 30,000 ចំណុច និងមានប៉ាក់ឌិន sequin គ្រាប់អង្កាំ រោមសត្វស្លាប និងចំណាយពេលអស់ 31 ថ្ងៃក្នុងការច្នៃ។ Margot Robbie ពាក់ក្រវិលធ្វើពីមាសស និងពេជ្រ 18K របស់ក្រុមហ៊ុនបារាំង។ អ្នកជំនាញ Pati Dubroff ផាត់មុខឱ្យស្រីស្អាតរូបនេះតាមបែបធម្មជាតិ។
សារព័ត៌មាន Vogue បានវាយតម្លៃថា ស្ទីលស្លៀកពាក់ និងតុបតែងខ្លួនរបស់ Margot Robbie គឺសមស្របនឹងរូបភាពនៃតួអង្គសម្ដែងថ្មីរបស់នាងនៅក្នុងខ្សែភាពយន្តរឿង Babylon ដែលដឹកនាំសម្ដែងដោយ Damien Chazelle)។
Margot Robbie កើតឆ្នាំ 1990 នៅ អូស្ត្រាលី និងត្រូវបានគេស្គាល់ច្រើនដោយសារការសម្ដែងជាតួអង្គក្នុងខ្សែភាពយន្ត «ក្ដៅសាច់» មួយចំនួន។ បច្ចុប្បន្ន នាងក្លាយជាកំពូលតារាសម្ដែងដែលទទួលបានការចាប់អារម្មណ៍ច្រើននៅ Hollywood ដោយធ្លាប់បានសម្ដែងក្នុងរឿងជាច្រើនមានដូចជា Once Upon a Time in Hollywood, Bombshell, Bird of Prey និង Suicide Squad ជាដើម។
យោងតាម Forbes នាង Margot Robbie នាំមុខគេក្នុងចំណោមកំពូលតារាសម្ដែងដែលមានតម្លៃខ្លួនខ្ពស់ជាងគេឆ្នាំ 2022 ដោយទទួលបាន 12.7 លានដុល្លារសម្រាប់សម្ដែងជាតួអង្គឯកក្នុងរឿង Barbie៕