យោងតាម CNN Indonesia ក្រុមបាល់ទាត់ជម្រើសជាតិរបស់គ្រូបង្វឹក Shin Tae-yong បានជួបប្រទះបញ្ហាធំៗចំនួន 3 ដែលនាំឱ្យពួកគេត្រូវចាញ់ 0-2 ក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022។
«ដំបូង ក្រុមត្រូវគេនាំមុខឆាប់ពេក (នៅនាទីទី 3) បណ្ដាលឱ្យផែនការដំបូងនានារបស់គ្រូបង្វឹក Shin ត្រូវដួលរលំ» សារព័ត៌មានឥណ្ឌូណេស៊ី បកស្រាយដូច្នេះ ទាក់ទិននឹងការបរាជ័យរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កាលពីព្រលប់ថ្ងៃទី 09 មករា។
ក្រោយត្រូវគេនាំមុខនោះ CNN Indonesia បន្ថែមថា ឥណ្ឌូណេស៊ី ក៏មានបញ្ហាប្រកែកគ្នាជាច្រើនលើកជាមួយនឹងក្រុមវៀតណាម។ ភាពច្របូកច្របល់ចាប់ផ្ដើមកើតឡើងពីករណីប៉ះទង្គិចគ្នារវាងខ្សែប្រយុទ្ធ Dendy Sulistyawan ជាមួយនឹងខ្សែបម្រើ Que Ngoc Hai នៅនាទីទី 22 ដោយកីឡាករឥណ្ឌូណេស៊ី ជឿថា ខាងវៀតណាមលេងខូច។ ក្រោយនាទីខាងលើ ភាគីទាំងពីរទទួលបានកាតលឿងជាបន្តបន្ទាប់ ដោយសារការប៉ះទង្គិចគ្នា។
ចូលដល់តង់ទីពីរ បញ្ហានៅតង់ដំបូងក៏កើតឡើងជាថ្មីនៅពេលសំណាញ់ទីរបស់ ឥណ្ឌូណេស៊ី ត្រូវប៉ើងម្ដងទៀតនៅនាទីទី 47។ CNN Indonesia អះអាងថា «ពួកគេពិតជាត្រូវអូសទាញទៅក្នុងការឈ្លោះប្រកែកគ្នាជាមួយវៀតណាម»។
យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី បញ្ហាចុងក្រោយដែលនាំឱ្យក្រុមឥណ្ឌូណេស៊ី ចាញ់វៀតណាម នោះគឺភាពខ្សោយនៅខ្សែប្រយុទ្ធ ព្រោះថា កូនសិស្សរបស់លោក Shin មិនអាចបង្កការគំរាមកំហែងណាមួយដល់ទីរបស់ក្រុមម្ចាស់ផ្ទះ។
ដោយសារតែបញ្ហាទាំងនេះ ឥណ្ឌូណេស៊ី បានបរាជ័យនៅលើទីលាន My Dinh របស់ វៀតណាម ព្រោះពួកគេមិនអាចលេងបានល្អដូចការប្រកួតជើងទីមួយកាលពី 3 ថ្ងៃមុននៅកីឡដ្ឋាន Gelora Bung Karno។ ដូច្នេះ ជាថ្មីម្ដងទៀត ឥណ្ឌូណេស៊ី បានបាត់បង់ឱកាសចាប់យកតំណែងជើងឯក AFF Cup៕