កូឡុំប៊ី បានក្លាយជាប្រទេសដំបូងគេនៅអាម៉េរិកខាងត្បូង ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់ប្រធាន FIFA លោក Gianni Infantino ស្ដីពីការប្ដូរឈ្មោះកីឡដ្ឋានបាល់ទាត់ដោយដាក់តាមឈ្មោះស្ដេចបាល់ទាត់ Pele។
យោងតាម AFP លោក Juan Guillermo Zuluaga អភិបាលខេត្ត Meta នៅភាគខាងត្បូងប្រទេសកូឡុំប៊ី ប្រកាសនៅលើ Twitter កាលពីថ្ងៃទី 04 មករាថា កីឡដ្ឋាននៅទីក្រុង Villavicencio «នឹងត្រូវបានហៅថា Bello Horizonte Rey Pele»។
កីឡដ្ឋានបាល់ទាត់ខាងលើនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ 1958 និងអាចដាក់មនុស្សបាន 15,000 នាក់។ មុននោះ កីឡដ្ឋាននេះមានឈ្មោះថា Bello Horizonte ដែលមានន័យថា «ជើងមេឃស្រស់ស្អាត» នៅក្នុងភាសាអេស្ប៉ាញ។ នេះគឺជាទីលានម្ចាស់ផ្ទះរបស់ក្លឹបបាល់ទាត់ Llaneros នៃពានរង្វាន់លេខពីររបស់ កូឡុំប៊ី។
លោក Pele បានទទួលមរណភាពកាលពីថ្ងៃទី 29 ធ្នូ 2022 ក្នុងវ័យ 82 ឆ្នាំ ដោយសារជំងឺមហារីកពោះវៀន។ សពរបស់ស្ដេចបាល់ទាត់នេះត្រូវបានបញ្ចុះកាលពីថ្ងៃទី 03 មករា 2023 នៅទីក្រុង Santos ប្រទេសប្រេស៊ីល។
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino កាលពីថ្ងៃទី 02 មករា បានឱ្យដឹងថា នឹងស្នើឱ្យប្រទេសទាំងអស់ក្នុងពិភពលោក យកឈ្មោះ Pele ដាក់ឱ្យកីឡដ្ឋានបាល់ទាត់របស់ពួកគេ។
កាលពីថ្ងៃទី 04 មករា នាយករដ្ឋមន្ត្រី Jose Ulisses Correia e Silva របស់ កាប់វែរ (Cabo Verde) បានឱ្យដឹងថា ប្រទេសកោះនៅអាហ្វ្រិកខាងលិចនេះនឹងប្ដូរឈ្មោះកីឡដ្ឋានជាតិនៅ Praia ទៅជា កីឡដ្ឋាន Pele។ កីឡដ្ឋាននេះអាចដាក់មនុស្សបាន 15,000 នាក់។
កន្លងមក ទីក្រុង Maceio ភាគឦសានប្រទេសប្រេស៊ីល ក៏មានកីឡដ្ឋានមួយដែលមានឈ្មោះថា Rei Pele ដែលដាក់ឈ្មោះនេះតាំងពីឆ្នាំ 1979 ប៉ុន្តែ ត្រូវបានគេស្គាល់ច្រើនតាមរយៈឈ្មោះ Trapichao។ ពាក្យថា Rei ឬ Rey មានន័យថា ស្ដេច៕