ខ្សែប្រយុទ្ធ Cristiano Ronaldo ប្រហែលជានឹងត្រូវប៉ះ Lionel Messi នៅពេលក្រុមរបស់ក្លឹប PSG របស់ បារាំង មកកាន់ អារ៉ាប៊ីសាអូឌីត ដើម្បីប្រកួតមិត្តភាពនៅចុងខែមករានេះ។
យោងតាម Sunsport ក្លឹប PSG ធ្លាប់រៀបគម្រោងមកកាន់ អារ៉ាប៊ីសាអូឌីត ដើម្បីទាត់មិត្តភាពជាមួយក្រុម All Stars ដែលមានតារាបាល់ទាត់មកពីពីរក្លឹបរបស់ប្រទេសនេះ រួមមានក្លឹប Al Hilal អ្នកការពារជើងឯកនៅ AFC Champions League និងក្លឹប Al Nassr ដែលជាក្លឹបថ្មីរបស់ Ronaldo។
ការប្រកួតមិត្តភាពខាងលើស្ថិតក្នុងក្រមខណ្ឌ Riyadh Season Cup ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមករា 2022 ប៉ុន្តែត្រូវពន្យារពេលដោយសារកូវីដ។ PSG និងពីរក្លឹបរបស់ អារ៉ាប៊ីសាអូឌីត នឹងបើកកិច្ចប្រជុំនាពេលខាងមុខ ដើម្បីកំណត់កាលបរិច្ឆេទនៃការប្រកួតមិត្តភាពនេះ។ ការប្រកួតនេះទំនងជាអាចត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 19 មករា 2023។
Ronaldo មានសិទ្ធិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពនេះ ដោយសារបានក្លាយជាកីឡាកររបស់ក្លឹប Al Nassr ទៅហើយ។ បើសិនជាបានចូលទាត់ Ronaldo ប្រហែលជានឹងអាចបានប៉ះនឹង Messi ដែលជាកីឡាកររបស់ក្លឹប PSG។ ក៏ប៉ុន្តែ គេមិនទាន់ប្រាកដថា Messi នឹងបានចូលរួមប្រកួត ឬយ៉ាងណានៅឡើយ ព្រោះថា PSG មិនទាន់មានវត្តមានរបស់កីឡាករនេះ ក្រោយពី អាហ្សង់ទីន ដណ្ដើមបានជើងឯក World Cup 2022៕