កំពូលអ្នកដឹកនាំរឿង «Avatar» លោក James Cameron ឱ្យដឹងថា វគ្គបីនៃខ្សែភាពយន្តរឿង «Avatar» នឹងនិយាយអំពីកុលសម្ព័ន្ធគោរពបូជាចំពោះព្រះអគ្គីនៅឯពិភព Pandora និងបង្ហើបអំពីជ្រុងមួយនៃភាពអវិជ្ជមានរបស់កុលសម្ព័ន្ធ Na’vi។
យោងតាម Variety កាលពីថ្ងៃទី 31 មករា 2023 អ្នកផលិតភាពយន្តជនជាតិកាណាដា លោក Cameron បានប្រាប់ឱ្យដឹងថា «វគ្គបីនឹងគាស់កកាយអំពីវប្បធម៌ថ្មី។ ភ្លើងនឹងត្រូវបានតំណាងដោយកុលសម្ព័ន្ធ Ash (ផេះ)។ ខ្ញុំចង់ណែនាំអំពីកុលសម្ព័ន្ធ Na’vi នៅក្នុងជ្រុងមួយថ្មី។ មកដល់បច្ចុប្បន្ន ខ្ញុំទើបតែបានបង្ហាញនូវចំណុចវិជ្ជមានរបស់ពួកគេ។ នៅក្នុងវគ្គដំបូងៗ មានសកម្មភាពអវិជ្ជមានរបស់មនុស្សជាតិ និងផ្នែកវិជ្ជមានរបស់ Na’vi។ នៅក្នុងវគ្គបី យើងនឹងធ្វើផ្ទុយពីនេះ»។
អ្នកដឹកនាំរឿងក៏បាននិយាយថា នឹងបន្តស្វែងយល់តំបន់ដីថ្មី អភិវឌ្ឍរឿងរ៉ាវរបស់តួអង្គសំខាន់ៗ។ «ខ្ញុំអាចអះអាងបានថា បណ្ដាវគ្គចុងក្រោយនឹងល្អមើលបំផុត។ វគ្គដំបូងៗគ្រាន់តែជាឈុតឆាកណែនាំ ដូចទៅនឹងរបៀបដែលយើងរៀបចំតុអាហារមុនពេលបើកពិធីជប់លៀង» លោក Cameron បញ្ជាក់ដូច្នេះ។
វគ្គបីរបស់ Avatar ត្រូវបានធ្វើឡើងរួចរាល់ ហើយគ្រោងនឹងបញ្ចាំងនៅរោងកុនចាប់ពីខែធ្នូ 2024។ មុននោះ លោក Cameron ក៏ធ្លាប់បានបង្ហើបឱ្យដឹងថា វគ្គប្រាំ នឹងនាំកុលសម្ព័ន្ធ Na’vi មកកាន់ផែនដី។ យោងតាម Variety វគ្គបីអាចជាការប្រឈមមុខដាក់គ្នារវាងបណ្ដាកុលសម្ព័ន្ធដែលរស់នៅលើពិភព Pandora។ តួអង្គឯក Jake Sully ត្រូវបានកុលសម្ព័ន្ធនានាទម្លាក់កំហុសមកលើ ដោយសារតែមហន្តរាយដែលបង្កឡើងដោយពួក Sky People (មនុស្សពីផែនដី)។
ប្រាក់ចំណូលនៅទូទាំងសកលលោករបស់ Avatar 2 បច្ចុប្បន្នបានឡើងដល់ប្រហែល 1.44 ពាន់លានដុល្លារអាម៉េរិក។ វាត្រូវបានចាត់ទុកថាជាកំពូលស្នាដៃរបស់លោក James Cameron។ Avatar 2 ត្រូវបានចាប់ផ្ដើមថតតាំងពីឆ្នាំ 2010 បន្ទាប់ពីវគ្គមួយបានក្លាយជាភាពយន្តដែលទាក់ទាញអ្នកមើលនៅរោងកុនបានច្រើនជាងគេគ្រប់សម័យកាល។
«Avatar: The Way of Water» និយាយអំពី Jake Sully (Sam Worthington) និង Neytiri (Zoe Saldana) កសាងគ្រួសារនៅលើពិភព Pandora។ ពួកគេមានកូនជាមួយគ្នា 4 នាក់។ ប៉ុន្តែ ជីវភាពសុខសាន្តរបស់ពួកគេមិនបានអូសបន្លាយពេលយូរឡើយ បន្ទាប់ពីមនុស្សពីផែនដីត្រលប់ទៅសងសឹក៕