យោងតាមទីភ្នាក់ងារសារព័ត៌មានកីឡា Marca កីឡាករ Cristiano Ronaldo អាចលេងនៅ Champions League រដូវកាលក្រោយ បន្ទាប់ពីគាត់ដាក់លក្ខខណ្ឌសម្រាប់ករណីចេញពីក្លឹប Al Nassr ទៅកាន់ Newcastle។
ក្នុងករណី Newcastle ដណ្ដើមបានសំបុត្រទៅចូលរួមប្រកួតនៅ Champions League 2023-2024 លក្ខខណ្ឌមួយនៅក្នុងកិច្ចព្រមព្រៀងរវាង Ronaldo និងក្លឹប Al Nassr របស់ អារ៉ាប៊ីសាអូឌីត នឹងត្រូវបាន «ដាស់»។ ពេលនោះ Ronaldo មានសិទ្ធិស្នើ Al Nassr អនុញ្ញាតឱ្យ Newcastle ខ្ចីគាត់ទៅប្រកួតដណ្ដើមពានរង្វាន់ Champions League 2023-2024។
សារព័ត៌មានខាងលើមិនបាននិយាយច្បាស់ថា Newcastle បានយល់ព្រមបន្ថែម Ronaldo ហើយ ឬនៅ ប៉ុន្តែ ក្លឹបអង់គ្លេស Newcastle កំពុងត្រូវបានគ្រប់គ្រងដោយ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ខណៈដែល Al Nassr ក៏ជាក្លឹបរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។ Marca គឺជាទីភ្នាក់ងារសារព័ត៌មានធំដំបូងគេមួយដែលបានរាយការណ៍ថា Ronaldo នឹងចូលរួមជាមួយក្លឹប Al Nassr។
Ronaldo ដាក់លក្ខខណ្ឌនេះក៏ព្រោះតែចង់ការពារកំណត់ត្រានានារបស់គាត់នៅ Champions League ក្នុងនោះមានជាអាទិ៍ ការស៊ុតបញ្ចូលទីបាន 141 គ្រាប់ និងបង្កឱកាសបាន 42 គ្រាប់ជាដើម។ កំណត់ត្រារបស់ Ronaldo កំពុងរងការគំរាមកំហែងពី Messi ម្ចាស់ជើងឯក World Cup 2022 ដែលរកបាន 129 គ្រាប់ និងបង្កឱកាសបាន 40 គ្រាប់។
កាលពីថ្ងៃទី 14 វិច្ឆិកាឆ្នាំ 2022 គ្រូបង្វឹក Eddie Howe បានលុបបំបាត់លទ្ធភាពដែល Newcastle អាចទិញ Cristiano Ronaldo ដោយបាននិយាយថា ក្លឹបនេះកំពុងមានក្រុមកីឡាករវ័យចំណាស់ៗ ហើយគាត់ចង់បន្ថែមកីឡាករវ័យក្មេងដែលមានសក្ដានុពល។ ក៏ប៉ុន្តែ ក្រុមថៅកែនៅ អារ៉ាប៊ីសាអូឌីត នៅតែមានទឹកមាត់ប្រៃមិនអន់ដែរ លើការសម្រេចចិត្តក្នុងការទិញដូរកីឡាកររបស់ Newcastle៕