(ភ្នំពេញ)- នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គ្រឿងចក្រជាច្រើនទៀតសម្រាប់ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស នៅក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ នឹងត្រូវបាននាំមកកាន់ការដ្ឋាន នេះបើតាម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឱ្យដឹងកាលពីម្សិលមិញ។
មកដល់បច្ចុប្បន្ន ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពាន 2 ជាន់ បានចាប់ផ្តើមដំណើរការក្នុងការដ្ឋានសាងសង់ដោយមានគ្រឿងចក្រ និងអ្នកជំនាញបច្ចេកទេសកំពុងធ្វើការ បន្ទាប់ពីត្រូវបានសម្ពោធបើកការដ្ឋានកាលពីព្រឹកថ្ងៃទី 31 ខែសីហា 2022។
យោងតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញ ស្ពានដែលសាងសង់ដោយ ក្រុមហ៊ុនវិនិយោគអាណិកជនកម្ពុជា OCIC នេះ នឹងជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានមួយផ្នែកធំ។
ស្ពានអាកាសព្រះមុនីវង្ស ដែលមានចំណុចប្រសព្វត្រង់មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទនេះ ត្រូវចំណាយថវិកា 36,776,500 ដុល្លារអាម៉េរិក និងចំណាយពេលសាងសង់ចំនួន 36 ខែ នេះបើតាម ប្រមុខរាជរដ្ឋាភិបាល ដែលបានថ្លែងក្នុងឱកាសសម្ពោធបើកការដ្ឋានកាលពីខែសីហា។
បច្ចុប្បន្ន នៅក្នុង រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន 6 ត្រូវបានដាក់ឱ្យប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស 7 មករា (ពេទ្យលោកសង្ឃ), ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ, ស្ពានអាកាស និងផ្លូវក្រោមដី 5 មករា (តិចណូ), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ (ផ្សារដីហុយ), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ ចំណែក ស្ពានអាកាសឫស្សីកែវ កំពុងដំណើរការសាងសង់នៅឡើយ៕