ក្រុមហ៊ុនឯកជន GalaxySpace របស់ ប្រទេសចិន កំពុងបង្កើនល្បឿនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ «បណ្ដុំផ្កាយរណប» ដើម្បីបង្កើតបណ្ដាញបញ្ជូនអ៊ីនធើណិត 5G ទូទាំងសកលលោក។
GalaxySpace បានឱ្យដឹងថា បណ្ដាញផ្កាយរណបអ៊ីនធើណិតដែលពួកគេរចនាឡើង អាចដាក់ត្រួតលើគ្នារាប់សិបគ្រឿង និងបាញ់បង្ហោះដំណាលគ្នាក្នុងរ៉ុក្កែតតែមួយ ដែលនេះអាចជួយកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់រ៉ុក្កែត និងពេលវេលាសម្រាប់សាងសង់បណ្ដាញផ្កាយរណប។
ក្រុមហ៊ុន GalaxySpace បានកំណត់គោលដៅបាញ់បង្ហោះបណ្ដាញផ្កាយរណបទៅក្នុងគន្លងគោចរកម្រិតទាបរបស់ផែនដី និងបង្កើតបណ្ដាញអ៊ីនធើណិត 5G នៅទូទាំងពិភពលោក។ កាលពីថ្ងៃទី 05 មីនា 2022 ក្រុមហ៊ុននេះបានបាញ់បង្ហោះផ្កាយរណប 6 គ្រឿងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ជាទីដែលបានបញ្ជាក់អំពីបច្ចេកវិទ្យាអ៊ីនធើណិត និងសមត្ថភាពនៃការផ្ដល់សេវាកម្មរបស់ «បណ្ដុំផ្កាយរណបអ៊ីនធើណិត»។
Chang Ming ប្រធានគម្រោងផ្កាយរណបរបស់ GalaxySpace បានឱ្យដឹងថា ការអភិវឌ្ឍប្រព្រឹត្តទៅបានរលូន។ ផ្កាយរណបដែលអាចត្រូវបានដាក់ត្រួតលើគ្នារបស់ក្រុមហ៊ុននេះនឹងត្រូវបានបាញ់បង្ហោះនៅដើមឆ្នាំក្រោយ៕