ផ្លូវជាតិលេខ 41 អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅព្រឹកថ្ងៃទី 26 ធ្នូ 2022 នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីសម្ពោធក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ 41 នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ 5 សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ 12 ម៉ែត្រ។ គម្រោងនេះ នឹងពង្រីកស្ពានចាស់ចំនួន 1 កន្លែង ដាក់លូ បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនជាដើម។ល។
ផ្លូវជាតិលេខ 41 នេះ ឆ្លងកាត់ខេត្តចំនួន 4 រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច។ តាមរយៈខ្សែផ្លូវជាតិលេខ 3 លេខ 4 លេខ 31 និងលេខ 33 ផ្លូវជាតិលេខ 41 នេះក៏តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ។
គម្រោងដែលមានប្រវែងសរុបជាង 95 គីឡូម៉ែត្រ គិតចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ 4) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ 3) ខេត្តកំពត នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ 2026។ គម្រោងនេះនឹងចំណាយថវិកាសរុបជាង 67 លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕