(កាតា)- Ahmed Al Barwani ស្នើទិញអាវធំពណ៌ខ្មៅដែល Lionel Messi ទទួលបានពីព្រះមហាក្សត្រកាតា នៅក្នុងពិធីឡើងទទួលពានរង្វាន់ជើងឯក World Cup 2022។
«ពី រាជាណាចក្រអូម៉ង់ ខ្ញុំសូមអបអរអស់លោកដែលបានក្លាយជាម្ចាស់ជើងឯក World Cup 2022។ អាវ bisht អារ៉ាប់ គឺជានិមិត្តរូបរបស់ស្មារតីក្លាហាន និងប្រាជ្ញា។ ខ្ញុំនឹងជូនអ្នក 1 លានដុល្លារអាម៉េរិក ដើម្បីប្ដូរយកវា» Al Barwani ដែលជាមេធាវី និងជាសមាជិកសភារបស់ ប្រទេសអូម៉ង់ ដាក់សំណើតាមរយៈសារលើ Twitter កាលពីថ្ងៃទី 23 ធ្នូ 2022។
ក្នុងពិធីឡើងទទួលពានរង្វាន់ World Cup 2022 កាលពីថ្ងៃទី 18 ធ្នូ មហាក្សត្រកាតា បានប្រទានអាវ bisht ពណ៌ខ្មៅដល់កីឡាករ Messi របស់ អាហ្សង់ទីន។
យោងតាម Sun អាវ bisht គឺជាអាវប្រពៃណីសម្រាប់បុរសនៅក្នុងពិភពអារ៉ាប់ ដែលតែងត្រូវបានប្រើប្រាស់ដោយឥស្សរជនជាន់ខ្ពស់។ វាក៏ត្រូវបានវាយតម្លៃថាជាសញ្ញានៃការគោរព និងការផ្ដល់តម្លៃខ្ពស់។
តំណាងរាស្ត្រ Al Barwani បង្ហើបអំពីគម្រោងប្រើប្រាស់ បើសិនទិញបានអាវនេះពី Messi ថា «វានឹងត្រូវបានដាក់តាំងបង្ហាញដើម្បីរម្លឹកពីទិដ្ឋភាពដ៏គួរឱ្យមានមោទកភាពនោះ ជួយឱ្យយើងនឹកឃើញ ក៏ដូចជារម្លឹកយើងថា យើងអាចធ្វើបានគ្រប់យ៉ាង»។
សារព័ត៌មាន Sun បានឱ្យដឹងថា អាវ bisht ដូចរបស់ Messi មានតម្លៃប្រហែល 2,000 ដុល្លារអាម៉េរិក។ ក្នុងវគ្គផ្គាច់ព្រ័ត្រ កាតា បានត្រៀមអាវ bisht ចំនួន 2 សម្រាប់ Messi និងអ្នកចាំទីរបស់ បារាំង Hugo Lloris ក្នុងករណី បារាំង ដណ្ដើមបានជើងឯក។ អ្នកដែលកាត់ដែរអាវ bisht នេះគឺ Muhammad Abdullah Al-Salem៕