យោងតាមរដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យទាំងឡាយដែលពាក់ព័ន្ធ និងតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដែលស្ថិតនៅទល់មុខ រាជធានីភ្នំពេញ។
ដំណឹងនេះគឺយោងតាម អនុក្រឹត្យស្ដីពី ការបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ 272 អនក្រ.បក ចុះថ្ងៃទី 23 ធ្នូ 2022។
អនុក្រឹត្យនេះចែងថា ក្រុងអរិយក្សត្រ នឹងកាត់យកឃុំចំនួន 06 ពីស្រុកខ្សាច់កណ្ដាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ រួមនឹងឃុំចំនួន 05 ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ ក្រុងអរិយក្សត្រ នឹងមានទីតាំងរដ្ឋបាល នៅក្នុងសង្កាត់អរិយក្សត្រ។
អនុក្រឹត្យនេះក៏បានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។