(កាតា)- ទិដ្ឋភាព Lionel Messi ឱបស្ត្រីម្នាក់នៅលើទីលានប្រកួត បន្ទាប់ពីបញ្ចប់វគ្គផ្ដាច់ព្រ័ត្ររបស់ World Cup 2022 កំពុងតែធ្វើឱ្យមានភាពរំជើបរំជួលដល់ពិភពលោក។
វីដេអូដែលត្រូវបានចែករំលែកតគ្នាលើបណ្ដាញសង្គមបង្ហាញថា កាលពីថ្ងៃទី 18 ធ្នូ នៅពេលចប់ការប្រកួតទាត់បាល់ប៉េណាំងទី ដែល អាហ្សង់ទីន ដណ្ដើមបានពានរង្វាន់ជើងឯក Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ក៏បានអបអរជ័យជម្នះនៅលើទីលានប្រកួត។ ពេលនោះស្រាប់តែមានស្ត្រីម្នាក់រត់មកទាញដៃកំពូលកីឡាករនេះ។ Messi ក៏ងាកក្រោយ និងស្រវាឱបភ្លាមក្នុងភាពសប្បាយរីករាយ។ ចំណែកស្ត្រីម្នាក់នេះក៏យំនៅពេលបានឮ Messi ខ្សឹបប្រាប់រឿងអ្វីមួយ។
ស្ត្រីវ័យ 42 ឆ្នាំនេះមានឈ្មោះថា Antonia Farias ជាមេចុងភៅរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលត្រូវបាន Messi និងមិត្តរួមក្រុមរបស់គាត់ហៅថា «បងស្រី»។
នេះមិនមែនជាលើកដំបូងទេដែល Antonia Farias ចូលរួមអបអរសាទរជ័យជម្នះរបស់ក្រុមអាហ្សង់ទីន ក្រោយដណ្ដើមបានជោគជ័យ។ ឆ្នាំ 2021 មេចុងភៅរូបនេះក៏បានធ្វើដំណើរជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America នៅ ប្រេស៊ីល និងយកឈ្នះលើក្រុមម្ចាស់ផ្ទះ 1-0។ ពាក់កណ្ដាលឆ្នាំនេះ គាត់ក៏មានវត្តមាននៅពេលក្រុមអាហ្សង់ទីន ផ្ដួល អ៊ីតាលី នៅ Conmebol-UEFA Champions Cup 2022 ផងដែរ។
Antonia Farias ចូលរួមជាមួយបម្រើក្រុមបាល់ទាត់អាហ្សង់ទីន ចាប់ពីឆ្នាំ 2010។ ក្នុងរាល់ការប្រកួត Antonia Farias មានតួនាទីស្រាវជ្រាវ ពិភាក្សាជាមួយអ្នកជំនាញផ្នែកសុខភាពដើម្បីត្រៀមមុខអាហារដែលសមស្រប សុវត្ថិភាព និងមានជីវជាតិគ្រប់គ្រាន់សម្រាប់កីឡាករ។
ដោយសារតែកិច្ចការម៉ត់ចត់ និងមនោសញ្ចេតនារបស់ Antonia Farias ទើបធ្វើឱ្យសមាជិករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងនោះមាន Messi ជាដើម ចាត់ទុកស្ត្រីមេចុងភៅរូបនេះដូចទៅនឹងសាច់ញាតិ៕