នៅលើទំព័របណ្ដាញសង្គម នាព្រឹកមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហោះសារអញ្ជើញប្រជាពលរដ្ឋទៅលេងបុណ្យសមុទ្រនៅ ខេត្តព្រះសីហនុ ដែលធ្វើឡើងចាប់ពីថ្ងៃទី 09 ដល់ 11 ធ្នូ 2022។
សម្ដេចតេជោ បានសរសេរថា «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពី ភ្នំពេញ ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុ ថ្ងៃស្អែក 10 ធ្នូ 2022»។
យោងតាម ក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រលើកទី 9 ដែលចាប់ផ្ដើមពីថ្ងៃទី 09 ដល់ 11 ធ្នូ 2022 នេះនឹងធ្វើឡើងអមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី 09 ដល់ 14 ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុង ក្រុងព្រះសីហនុ មានការកក់យ៉ាងច្រើនដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅសម្រាប់ទេសចរនៅឡើយ ដោយសារថា ក្រុងព្រះសីហនុ មានបន្ទប់ស្នាក់នៅសរុបជាង 9,000 បន្ទប់ឯណោះ នេះបើតាម លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៕