នៅ កាតា Lionel Messi ប្រៀបបានទៅនឹង «ព្រះចន្ទពេញបូណ៌មី» ក្នុងអាជីព នៅ World Cup ខណៈដែល Cristiano Ronaldo កាន់តែដូចទៅនឹង «ព្រះចន្ទ 15 កើតដែលត្រូវពពកបាំង»។
កំពូលកីឡាករ Messi និង Ronaldo ដែល «រត់ប្រណាំងទន្ទឹមគ្នា» អស់រយៈពេលជាង 10 ឆ្នាំមកហើយនេះ សុទ្ធតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការដណ្ដើមយកពានរង្វាន់ជើងឯក World Cup 2022។ ក៏ប៉ុន្តែ Messi និង Ronaldo បង្ហាញអំណាចផ្ទុយគ្នាចាប់តាំងពីដើមរដូវកាល។
Messi គឺជាប្រភពជំរុញទឹកចិត្តជួយឱ្យ អាហ្សង់ទីន ឡើងដល់វគ្គ 1/8 នៅ World Cup 2022។ នៅវគ្គចែកពូល កំពូលតារាបាល់ទាត់វ័យ 35 Messi រកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់នៅក្នុងការប្រកួតចាញ់ អារ៉ាប៊ីសាអូឌីត 1-2 និង 1 គ្រាប់ក្នុងការប្រកួតឈ្នះ ម៉ិកស៊ិក 2-0។ ក្នុងវគ្គ 1/8 ពេលប៉ះ អូស្ត្រាលី Messi ក៏បន្តរកបាន 1 គ្រាប់ទៀត ជួយឱ្យ អាហ្សង់ទីន ឈ្នះ 2-1។
ទំព័រ WhoScored បានដាក់ពិន្ទុឱ្យ Messi 7.39 ពិន្ទុ ក្នុងការប្រួតជាមួយ អារ៉ាប៊ីសាអូឌីត ហើយ 8.4, 8.18 និង 8.15 ពិន្ទុសម្រាប់ 3 ប្រកួតបន្តបន្ទាប់ទៀត។ ជាមធ្យម ពិន្ទុរបស់ប្រធានក្រុមអាហ្សង់ទីន គឺ 7.94។
ចំណែក Ronaldo របស់ ព័រទុយហ្កាល់ វិញ ទើបរកបាន 1 គ្រាប់ ក្នុងការប្រកួតឈ្នះ ហ្កាណា 3-2។ ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះ ថែមទាំងធ្វើឱ្យមានភាពចម្រូងចម្រាសនៅពេលទាមទារគ្រាប់បាល់ឈ្នះរបស់ Bruno Fernandes ក្នុងការប្រកួតឈ្នះ អ៊ុយរូហ្កាយ ក្នុងជុំទីពីរ។ ក្រុមហ៊ុន Adidas ប្រើប្រាស់បច្ចេកវិទ្យាបញ្ជាក់ថា បាល់មិនបានប៉ះ Ronaldo ហើយគណៈកម្មការក៏បានយកគ្រាប់បាល់នេះឱ្យ Fernandes។
ក្រោយមក Ronaldo ក៏បានបង្ហាញការខឹងសម្បា នៅពេលត្រូវបានគ្រូបង្វឹកប្ដូរចេញតាំងពីដើមតង់ទីពីរពេលប៉ះ កូរ៉េខាងត្បូង នាំឱ្យលោក Fernando Santos មិនពេញចិត្ត។ មកដល់ការប្រកួតឈ្នះ ស្វ៊ីស 6-1 ក្នុងវគ្គ 1/8 Ronaldo ត្រូវបានដាក់ជាកីឡាករបម្រុង ហើយ Goncalo Ramos ត្រូវទាត់ជំនួស និងបង្កើតបាន hat-trick (រកបាន 3 គ្រាប់ក្នុង 1 ប្រកួត) ជាលើកដំបូងរបស់ World Cup 2022។
ទំព័រ Whoscored បានដាក់ពិន្ទុឱ្យ Ronaldo 7.36 ពិន្ទុ នៅក្នុងការប្រកួតជាមួយ ហ្កាណា និងការប្រកួតបន្តបន្ទាប់ទៀតគឺ 6.63, 5.11 និង 6.07 ពិន្ទុ ធ្វើឱ្យពិន្ទុមធ្យមរបស់ខ្សែប្រយុទ្ធ ព័រទុយហ្កាល់ នេះ បានត្រឹមតែ 6.29 ពិន្ទុ។
មិនត្រឹមតែពិន្ទុនោះទេ សារព័ត៌មានរបស់ អង់គ្លេស Sunsport ក៏បានបញ្ចេញស្ថិតិជំនាញបង្ហាញអំពីភាពផ្ទុយគ្នាទាក់ទងនឹងកម្លាំងរបស់ Messi និង Ronaldo ផងដែរ។ ជាក់ស្ដែង Messi ស៊ុតចំគោលដៅ 10 គ្រាប់, បង្កើតឱកាស៊ុត 13 លើក, បញ្ជូនបាល់ 209 គ្រាប់, បង្កកំហុស 4 លើក, រកបាន 3 គ្រាប់ និងបង្កឱកាសស៊ុតបញ្ចូលទីបាន 1 គ្រាប់ នៅក្នុង 4 ប្រកួតកន្លង។
ចំណែកស្ថិតិសម្រាប់ Ronaldo វិញគឺ ស៊ុតចំគោលដៅ 2 គ្រាប់, បង្កឱកាសស៊ុត 3 លើក, បញ្ជូនបាល់ 81 លើក, បង្កកំហុស 2 លើក, រកបាន 1 គ្រាប់ និងមិនទាន់មានការបង្កឱកាសដែលបានស៊ុតបញ្ចូលទីនៅឡើយ៕