គិតត្រឹមចុងខែវិច្ឆិកា 2022 កម្ពុជា ចម្រាញ់មាសសរុបបានជិត 5 តោន នៅក្នុងការរុករក និងចម្រាញ់រ៉ែមាសរបស់បណ្ដាក្រុមហ៊ុនពាក់ព័ន្ធ នេះបើតាម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃ ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី 30 វិច្ឆិកាកន្លងទៅនៅទីស្ដីការក្រសួង។
យោងតាម ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នក្រុមហ៊ុនចំនួន 4 ដែលកំពុងធ្វើអាជីកម្មរ៉ែមាស នៅ កម្ពុជា ចម្រាញ់មាសសរុបបានជិត 5 តោន គិតត្រឹមចុងខែវិច្ឆិកា 2022។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា បណ្ដាក្រុមហ៊ុនខាងលើបានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ នៅតាមតំបន់រៀងៗខ្លួន។
ក្រសួងបានឱ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាសខ្នាតធំ Renaissance Minerals Investment រកបានមាសច្រើនជាងគេ ដោយចម្រាញ់បានមាសទឹក 9 ចំនួន 4,598 គីឡូក្រាម។
សកម្មភាពរុករករ៉ែមាសនៅ កម្ពុជា បច្ចុប្បន្ន ផ្ដោតលើបណ្ដាខេត្តនៅភាគខាងជើងប្រទេស រួមមាន ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ៕