សិង្ហបុរី និង ញូវយ៉ក ឈរលំដាប់កំពូលតារាងចំណាត់ថ្នាក់ស្ដីពីបណ្ដាទីក្រុងដែលថ្លៃជាងគេលើពិភពលោកសម្រាប់ឆ្នាំ 2022 នេះគឺជាការប្រកាសរបស់ ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច។
ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច (EIU) កាលពីថ្ងៃទី 30 វិច្ឆិកា បានប្រកាសថា ការចំណាយសម្រាប់ជីវភាពរស់នៅទូទាំងសកលលោកបង្ហាញថា សិង្ហបុរី និង ញូវយ៉ក ជាប់ចំណាត់ថ្នាក់លេខ 1 ដូចគ្នានៅក្នុងបញ្ជីស្ដីពីបណ្ដាទីក្រុងថ្លៃជាងគេលើពិភពលោក ។
តែលអាវីវ របស់ អ៊ីស្រាអែល ដែលជាទីក្រុងមានទំនិញថ្លៃជាងគេលើពិភពលោកក្នុងឆ្នាំ 2021 ឆ្នាំនេះជាប់ចំណាត់ថ្នាក់លេខ 3 បន្ទាប់មកទៀតគឹ ហុងកុង របស់ ប្រទេសចិន និង ឡូសអេនជឺលេស របស់ សហរដ្ឋអាម៉េរិក។
EIU ដែលជាស្ថាប័នមួយរបស់ក្រុមហ៊ុន Economist នៅ អង់គ្លេស បានធ្វើរបាយការណ៍នេះកាលពីខែសីហា និងកញ្ញាឆ្នាំនេះ ដោយយោងទៅលើតម្លៃមធ្យមនៃទំនិញ និងសេវាកម្មជាង 200 មុខ នៅក្នុងទីក្រុងចំនួន 172 នៅលើពិភពលោក។
សិង្ហបុរី ធ្លាប់កាន់កាប់តំណែងលេខ 1 ក្នុងបញ្ជីខាងលើរបស់ EIU កាលពីឆ្នាំ 2014 និង 2019 មុនពេលត្រូវ បារីស និង តែលអាវីវ ដណ្ដើមបានកាលពីឆ្នាំ 2020 និង 2021។ ប៉ុន្តែ នេះគឺជាលើកដំបូងហើយដែល ញូវយ៉ក របស់ សហរដ្ឋអាម៉េរិក បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងបញ្ជីនេះ៕