Lionel Messi មិនពេញចិត្តជាមួយនឹងខ្លួនឯងនៅពេលបរាជ័យក្នុងការទាត់បាល់ពិន័យប៉េណាំងទី ក្នុងការប្រកួតដែល អាហ្សង់ទីន ឈ្នះ ប៉ូឡូញ 2-0 នៅពូល C របស់ World Cup 2022 កាលពីថ្ងៃទី 30 វិច្ឆិកា។
«ខ្ញុំក្ដៅចិត្តណាស់ព្រោះតែទាត់ឱ្យខូចបាល់ប៉េណាំងទី» Messi ថ្លែងដូច្នេះនៅក្នុងការសម្ភាសក្រោយការប្រកួត។ «ប៉ុន្តែ ក្រុមទាំងមូលបានបញ្ចេញប្រតិកម្មខ្លាំងក្លាបន្ទាប់ពីកំហុសរបស់ខ្ញុំ។ ពួកយើងដឹងថា នៅពេលរកបានគ្រាប់បាល់ដំបូង ការប្រកួតនឹងផ្លាស់ប្ដូរ ហើយ ប៉ូឡូញ នឹងត្រូវលេងបើកចំហជាង»។
Messi គឺជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ដែលត្រូវបានអ្នកចាំទីរារាំងបានសម្រេចរហូតដល់ទៅ 2 ដង នៅក្នុងការទាត់បាល់ពិន័យ។ ម្ចាស់គ្រាប់បាល់មាសចំនួន 7 នេះ បានបំបែកឯកទគ្គកម្មដ៏ក្រៀមក្រំនេះនៅនាទីទី 37 ក្នុងការប្រកួតជាមួយ ប៉ូឡូញ។ នេះគឺជាការទាត់ខូចបាល់ពិន័យប៉េណាំងទីទីពីរក្នុងចំណោមបាល់ពិន័យចំនួន 3 ដែល Messi បានទាត់នៅរដូវកាលនានារបស់ World Cup។
ការប្រកួតជុំចុងក្រោយនៃពូល C កាលពីថ្ងៃទី 30 វិច្ឆិកា គឺជាការប្រកួតទី 22 របស់ Messi នៅ World Cup ហើយនេះនាំឱ្យគាត់ក្លាយជាកីឡាករដែលបានចូលរួមច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រ World Cup។
ថ្វីបើ Messi ទាត់បាល់ពិន័យប៉េណាំងទីមិនបានសម្រេច ប៉ុន្តែ បាល់ 2 គ្រាប់ដែលរកបានដោយ Alexis MacAllister និង Julian Alvarez បានជួយឱ្យ អាហ្សង់ទីន ឈ្នះ ប៉ូឡូញ 2-0 កាលពីយប់ម្សិលមិញ ដូច្នេះ ក្រុមនេះក៏បានឡើងទៅកាន់វគ្គ 1/8 ក្នុងនាមជាក្រុមគ្រប់គ្រងពូល C។
https://www.youtube.com/watch?v=_u4iHItlxM0
នៅជុំជម្រុះដំបូងនៃវគ្គ 1/8 អាហ្សង់ទីន នឹងត្រូវជួប អូស្ត្រាលី ដែលជាក្រុមឈរចំណាត់ថ្នាក់ទី 2 នៅក្នុងពូល D។ Messi យល់ថា នេះនឹងជាការប្រកួតលំបាកសម្រាប់គាត់ និងក្រុមរបស់គាត់។
បើសិនជាឈ្នះ អូស្ត្រាលី នៅវគ្គ 1/8 អាហ្សង់ទីន នឹងត្រូវប៉ះជាមួយក្រុម ហូឡង់ ឬ សហរដ្ឋអាម៉េរិក នៅវគ្គ 8 ក្រុម។ អាម៉េរិក មិនទាន់ត្រូវបានចាត់ទុកថាជាគូប្រជែងស្មើមុខស្មើមាត់ជាមួយនឹង អាហ្សង់ទីន ខណៈដែល ហូឡង់ បានបង្ហាញរបៀបលេងដែលមិនគួរឱ្យចាប់អារម្មណ៍នៅ World Cup 2022៕