Skip to content

ក្រុមហ៊ុន Total Eren គ្រោង​បង្កើន​​ការវិនិយោគ​លើ​វិស័យ​ថាមពលបៃតង​នៅ កម្ពុជា

ក្រុមហ៊ុន Total Eren នឹង​បង្កើន​ការវិនិយោគ​ទៅលើ​ថាមពល​កកើតឡើង​វិញ​នៅ កម្ពុជា ស្រប​ពេលដែល អគ្គិសនី​កម្ពុជា ក៏​កំពុង​ជំរុញ​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ចូលរួម​ចាប់​គោលដៅ​បន្សាប​កាបូន​នៅ​ឆ្នាំ 2050។

នៅ​ព្រឹក​ថ្ងៃទី 30 វិច្ឆិកា​នេះ ក្នុង​វេទិកា​ស្ដីពី​ឱកាស​ថ្មី​សម្រាប់​ថាមពល​កកើត​ឡើងវិញ និង​ការពង្រឹង​បណ្ដាញ​អគ្គិសនី​នៅ កម្ពុជា ប្រធាន​គម្រោង​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Total Eren លោក Gregory Thomassin បាន​លើកឡើងថា ក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​ឱកាស​ដើម្បី​បង្កើន​ការវិនិយោគ​លើ​វិស័យ​ថាមពលបៃតង​នៅ កម្ពុជា។ លោក​បន្តថា មុននេះ Total Eren បាន​វិនិយោគ​លើ​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ ទំហំ 74 មេ​ហ្គា​វ៉ា​ត់ លើ​ផ្ទៃដី 60 ហិកតា នៅ ខេត្តបាត់ដំបង​រួចហើយ។

ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ របស់ Total Eren នៅ ខេត្ត​បាត់ដំបង

យោងតាម ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា មួយរយៈ​ចុងក្រោយ​នេះ កម្ពុជា បានទទួល​សំណើ និង​អនុម័ត ក៏ដូចជា​ផ្ដល់​វិញ្ញាបនបត្រ​ជូន​ដល់​ក្រុមហ៊ុន​មួយចំនួន​ដែលមាន​គម្រោង​ផលិត​ផ្ទាំង​សូ​ឡា​នៅ កម្ពុជា។ គិត​មកដល់​បច្ចុប្បន្ន កម្ពុជា មានការ​វិនិយោគ​លើ​វិស័យ​ថាមពលព្រះអាទិត្យ​ចំនួន 7 គម្រោង ដែល​បាន និង​កំពុងត​ភ្ជាប់​បណ្តាញ​ផ្គង់​ផ្គត់​អគ្គស​នី។

ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ របស់ Total Eren នៅ ខេត្ត​បាត់ដំបង

អគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា ថាមពល​កកើតឡើង​វិញ​នៅ កម្ពុជា កំពុង​ត្រូវបាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ហើយ កម្ពុជា នឹង​សម្រេច​ឱ្យបាន​នូវ​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាម​ដែល​អាចធ្វើ​ទៅបាន​នៅ​ឆ្នាំ 2050 ក្នុងនោះ កម្ពុជា ប្ដេជ្ញា​ផលិត​អគ្គិសនី​បៃតង​ឱ្យបាន 2 ជី​ហ្គា​វ៉ា​ត់៕

Leave a Reply

Your email address will not be published. Required fields are marked *