នៅក្នុងពេល «ឡើងដល់កំពូល» Sam Bankman-Fried ដែលកាលណោះគឺជានាយកប្រតិបត្តិរបស់ FTX មានទ្រព្យរហូតដល់ 26 ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែបច្ចុប្បន្ន នៅសល់តែ 100,000 ដុល្លារប៉ុណ្ណោះ។
មួយរយៈចុងក្រោយនេះ ព័ត៌មានស្ដីពី Sam Bankman-Fried អតីត CEO របស់ផ្សារជួញដូរប្រាក់ឌីជីថលគ្រីបតូ FTX ដែលទើបតែបានប្រកាសក្ស័យធន តែងទទួលបានចំណាប់អារម្មណ៍ច្រើនពីសាធារណជន។ ថ្មីៗនេះ នៅលើទំព័រ Axios កាលពីថ្ងៃទី 28 វិច្ឆិកា Bankman-Fried ឱ្យដឹងថា ទ្រព្យបច្ចុប្បន្នរបស់គាត់ថយចុះនៅត្រឹម 100,000 ដុល្លារគត់ ក្រោយការដួលរលំរបស់ FTX។
មុននោះ នៅក្នុងពេលប្រាក់ឌីជីថលគ្រីបតូមានការពេញនិយមខ្លាំង Sam Bankman-Fried មានទ្រព្យរហូតដល់ 26 ពាន់លានដុល្លារអាម៉េរិក និងធ្លាប់ជាមហាសេដ្ឋីវ័យក្រោម 30 ដែលមានទ្រព្យច្រើនជាងគេលើពិភពលោក នៅក្នុងវិស័យប្រាក់ឌីជីថលគ្រីបតូ។
អតីត CEO និងជាស្ថាបនិករបស់ FTX បានរងផលប៉ះពាល់ធ្ងន់ធ្ងរកាលពីដើមខែវិច្ឆិកា នៅពេលទ្រព្យរបស់គាត់ធ្លាក់ចុះពី 15.6 ពាន់លានដុល្លារ មកនៅត្រឹម 1 ពាន់លានដុល្លារក្នុងរយៈពេលតែមួយថ្ងៃ បន្ទាប់ពីមានព័ត៌មានថា ផ្សារជួញដូរប្រាក់ឌីជីថល FTX ត្រូវការជំនួយសង្គ្រោះ។
បច្ចុប្បន្ន ស្ថានភាពហិរញ្ញវត្ថុរបស់អតីតមហាសេដ្ឋីរូបនេះ ពិតជាដុនដាបខ្លាំងណាស់ ព្រោះថា «គ្រប់យ៉ាង» របស់គាត់គឺភ្ជាប់ទៅនឹង FTX ជាក្រុមហ៊ុនដែលទើបតែបានប្រកាសក្ស័យធន។
FTX បានចុះឈ្មោះសុំក្ស័យធន ចំណែក Bankman-Fried ក៏បានលាលែងពីតំណែង CEO របស់ក្រុមហ៊ុន FTX កាលពីថ្ងៃទី 11 វិច្ឆិកា ក្រោយការប្រឹងប្រែងជួយសង្គ្រោះ ប៉ុន្តែមិនបានសម្រេច។
ឯកសារកាលពីថ្ងៃទី 19 វិច្ឆិកា បង្ហាញថា FTX កំពុងជំពាក់បំណុលសរុបជាង 10 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះមានម្ចាស់បំណុលធំចំនួន 50 ម្ចាស់ ដែលមានតម្លៃជាង 3 ពាន់លានដុល្លារ។ អតិថិជន និងអ្នកវិនិយោគប្រហែល 1 លាននាក់ និងស្ថាប័ន បានក្លាយជាជនរងគ្រោះរបស់ FTX៕