Mark Mateschitz ទទួលមរតកជិត 50% នៃភាគហ៊ុន Red Bull ពីឪពុក Dietrich Mateschitz និងក្លាយជាមនុស្សដែលរស់ក្នុងទំនាន់សហស្សវត្សរ៍ មានទ្រព្យច្រើនជាងគេនៅ អឺរ៉ុប។
ជាកូនរបស់មហាសេដ្ឋី Dietrich Mateschitz ដែលបានទទួលមរណភាព ទើប Mark បានទទួលមរតក 49% នៃភាគហ៊ុន Red Bull ដែលឪពុករបស់គាត់ជាសហស្ថាបនិក។ ចំណែកភាគហ៊ុនដែលនៅសល់គឺជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិថៃ Chaleo Yoovidgya។
ការស្នងមរតកជាភាគហ៊ុននៃក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងធំជាងគេលើពិភពលោក រួមនឹងក្រុមប្រណាំងឡានប្រភេទ Formula One (F1) ចំនួន 2 នាំឱ្យ Mark Mateschitz មានទ្រព្យសរុបឡើងដល់ 15.7 ពាន់លានដុល្លារអាម៉េរិក នេះបើតាម Bloomberg Billionaires Index។ បើគិតតាមទិន្នន័យជាក់ស្ដែង មកដល់ថ្ងៃទី 29 វិច្ឆិកា 2022 លោក Mark Mateschitz គឺជាអ្នកមានជាងគេលំដាប់ទី 90 នៅលើពិភពលោក ដោយមានទ្រព្យ 16.4 ពាន់លានដុល្លារអាម៉េរិក។ គាត់ក៏ជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេនៅ ប្រទេសអូទ្រីស។
មុននោះ កាលពីថ្ងៃទី 22 តុលា សហស្ថាបនិករបស់ Reb Bull លោក Dietrich Mateschitz បានទទួលមរណភាពក្នុងអាយុ 78 ឆ្នាំ។ យោងតាម Fortune លោក Mark Mateschitz បានក្លាយជាមហាសេដ្ឋីដែលស្ថិតក្នុងក្រុមមនុស្ស «រស់ឆ្លងសហស្សវត្សរ៍» (អ្នកកើតក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1980 ដល់ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1990) ដែលមានទ្រព្យច្រើនបំផុតនៅ អឺរ៉ុប និងទី 4 ក្នុងពិភពលោក៕