ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាព្រឹកមិញនេះ ត្រូវបានអនុញ្ញាតឱ្យចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី 28 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានថ្មីរបស់ សមាគមធុរកិច្ចថៃ-កម្ពុជា រួមនឹងសមាជិកប្រតិភូ ចូលជួបពិភាក្សាការងារស្ដីពីវិស័យធុរកិច្ចរវាង ប្រទេសថៃ និង កម្ពុជា។
លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ គណៈប្រតិភូនៃ សមាគមធុរកិច្ចថៃ-កម្ពុជា ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន។
យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ដែលមានភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាពជាងមុន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែល កម្ពុជា ជាសមាជិក ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕