ក្រុមហ៊ុនបច្ចេកវិទ្យាកីឡារបស់ ស្វ៊ីស Sportradar ត្រូវបាន FIFA ប្រគល់ភារកិច្ចស្វែងរកភាពមិនប្រក្រតីនៅក្នុងទីផ្សារល្បែងភ្នាល់ ដើម្បីវែករកមុខការប្រកួតដែលសង្ស័យថា មានការរៀបចំលទ្ធផលជាមុន។
Sportradar តាមដានការប្រកួតទាំង 64 នៅក្នុងតារាងកាលបរិច្ឆេទប្រកួត។ ក្រៅពីភារិកិច្ចនេះ ពួកគេក៏សហការជាមួយ ការិយាល័យស៊ើបអង្កេតសហរដ្ឋអាម៉េរិក (FBI) និងប៉ូលិសអន្តរជាតិ (Interpol) ផងដែរ។
«បាល់ទាត់គឺជាកីឡាដែលទាក់ទាញបំផុតចំពោះក្រុមអ្នករៀបចំឧបាយកលគ្រប់គ្រងលទ្ធផល។ នៅ World Cup ឆ្នាំនេះ យើងសន្និដ្ឋានថា ការប្រកួតនីមួយៗមានការភ្នាល់រហូតដល់ជាង 1 ពាន់លានដុល្លារអាម៉េរិក» Andreas Krannich ដែលជាមេដឹកនាំមួយរូបនៅ Sportradar និយាយអំពីកម្រិតនៃសកម្មភាពនៅក្នុងទីផ្សារល្បែងភ្នាល់ ក្នុងរដូវកាល World Cup 2022។ ចំណែកទស្សនាវដ្ដីអាម៉េរិក Forbes បានព្យាករថា ប្រាក់ភ្នាល់បាល់សរុបនៅរដូវកាលបាល់ទាត់ពិភពលោកនៅ កាតា នឹងឡើងដល់ 160 ពាន់លានដុល្លារអាម៉េរិក។
Krannich យល់ថា កីឡាករ និងអាជ្ញាកណ្ដាលដែលសុខចិត្តទទួលសំណូកនឹងដូចទៅនឹងមេដឹកនាំអាក្រក់នៅក្រុងហិរញ្ញវត្ថុ Wall Street របស់ New York។ «ការរៀបចំលទ្ធផលបាល់ទាត់ក៏ដូចទៅនឹងការជួញដូរភាគហ៊ុនខុសច្បាប់។ ឱ្យតែមានព័ត៌មានផ្ទៃក្នុងពេលណា គឺប្រាក់ច្រើនសន្ធឹកនឹងត្រូវបានគេជះចូល»។
យោងទៅតាមគោលការណ៍ស្នូលនេះ ក្រុមអ្នកជំនាញនៅ Sportradar នឹងកត់ត្រាភាពមិនប្រក្រតីដែលបានប្រែប្រួលនៅក្នុងទីផ្សារល្បែងភ្នាល់។ សញ្ញាគន្លឹះចំនួនពីរដែលអាចប្រាប់ថា ការប្រកួតមួយមានធាតុផ្សំពីល្បែងចាក់ភ្នាល់ នោះគឺការប្រែប្រួលខ្លាំងរបស់គណនីភ្នាល់ដែលត្រូវបានគេចុះឈ្មោះ និងលំហូរនៃប្រាក់ភ្នាល់ទៅលើការប្រកួតនោះ។ Krannich ឱ្យដឹងថា គ្រាន់តែមើលទៅលើចំនួនទឹកប្រាក់ក៏ដឹងថាក្រុមណានឹងឈ្នះ។
នៅ Word Cup 2018 Sportradar ធ្លាប់ជួយដល់សមត្ថកិច្ចរកឃើញករណីរៀបចំលទ្ធផលក្នុងការប្រកួតរវាង អាហ្វ្រិកខាងត្បូង-សេណេហ្កាល់ នៅវគ្គជម្រុះតំបន់ កាលពីថ្ងៃទី 12 វិច្ឆិកា 2016។ ពេលនោះ អាជ្ញាកណ្ដាល Joseph Lamptey ជនជាតិហ្កាណា អនុញ្ញាតឱ្យ អាហ្វ្រិកខាងត្បូង ទាត់បាល់ពិន័យក្រោមមូលហេតុថា ខ្សែការពារ Kalidou Koulibaly លេងបាល់ដោយដៃ បើទោះជាការពិតបង្ហាញថា បាល់បានប៉ះជើងកីឡាករនេះ។
ចុងក្រោយ អាហ្វ្រិកខាងត្បូង បានឈ្នះ 2-1។ ប៉ុន្មានថ្ងៃក្រោយមក Sportradar និងដៃគូសហការជាអាជ្ញាធរមានសមត្ថកិច្ចក៏បានប្រកាសទិន្នន័យ និងភ័ស្ដុតាងស្ដីពីការប្រែប្រួលខុសប្រក្រតីនៅលើទីផ្សារភ្នាល់ និងបង្ហាញថា ក្រុមអ្នកលេងល្បែងភ្នាល់បានដឹងលទ្ធផលមុន។ ក្រោយពីមានលទ្ធផលនៃការស៊ើបអង្កេត FIFA ក៏បានសម្រេចចិត្តព្យួរការងារជាអាជ្ញាកណ្ដាលរបស់ Joseph Lamptey ជារៀងរហូត។
កាលពីឆ្នាំកន្លង Sportradar បានរកឃើញ 500 ប្រកួតដែលគួរឱ្យសង្ស័យ ប៉ុន្តែឆ្នាំនេះ គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកា ពួកគេរកឃើញ 700 ករណី។ ចំណែកទិន្នន័យរួមបង្ហាញថា មាន 1,100 ប្រកួតគួរឱ្យសង្ស័យ ខណៈដែលពេញមួយឆ្នាំកន្លង មាន 903 ករណី៕