កាលពីថ្ងៃទី 24 វិច្ឆិកា 2022 ក្រុមប្រឹក្សាអន្តរវិស័យមួយរបស់ ហ្វ៊ីលីពីន ដែលដឹកនាំដោយប្រធានាធិបតី Ferdinand Marcos Jr បានអនុម័តលើការបន្ថយអត្រាពន្ធចំពោះយានយន្តអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់ក្នុងគ្រាដែលការចំណាយទៅលើឥន្ធនៈកើនឡើងខ្ពស់។
ប្រធានាធិបតី Ferdinand Marcos Jr នឹងចេញអនុក្រឹត្យស្ដីពីការកាត់បន្ថយពន្ធឱ្យចុះមកនៅត្រឹម 0% សម្រាប់យានយន្តអគ្គីសនី ដែលរួមមានដូចជា កូនរថយន្ត, រថយន្តក្រុង រថយន្តដឹកទំនិញ ម៉ូតូ និងកង់ ក៏ដូចជាគ្រឿងបន្លាស់យានយន្តសម្រាប់យានយន្តអគ្គិសនី ក្នុងរយៈពេល 5 ឆ្នាំ។
នៅ ហ្វ៊ីលីពីន ពន្ធនាំចូលបច្ចុប្បន្នសម្រាប់យានយន្តអគ្គិសនីគឺចាប់ពី 5% ដល់ 30%។ ក៏ប៉ុន្តែ អត្រាពន្ធសម្រាប់យានយន្ត hybrid (យានយន្តដែលដំណើរការដោយអគ្គិសនីផង សាំងផង) នឹងត្រូវបានរក្សាឱ្យនៅដដែល។
រដ្ឋមន្ត្រីក្រសួងផែនការសេដ្ឋកិច្ចហ្វ៊ីលីពីន Arsenio Balisacan ឱ្យដឹងថា សេចក្ដីសម្រេចខាងលើគឺក្នុងបំណងពង្រីកទីផ្សារ និងលើកទឹកចិត្ត ក៏ដូចជាជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើន ដើម្បីកែលំអសន្តិសុខថាមពលដោយការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូល និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យអគ្គិសនីក្នុងប្រទេស។
បច្ចុប្បន្ន អ្នកប្រើប្រាស់នៅ ហ្វ៊ីលីពីន ត្រូវចំណាយប្រាក់ចាប់ពី 21,000 ដុល្លារអាម៉េរិក ដល់ 49,000 ដុល្លារ ដើម្បីទិញបានរថយន្តអគ្គិសនីមួយគ្រឿង ដែលនេះខ្ពស់ជាងឆ្ងាយបើធៀបនឹងពី 19,000 ដល់ 26,000 ដុល្លារសម្រាប់រថយន្តចំហេះក្នុង។
យោងតាមទិន្នន័យរបស់ រដ្ឋាភិបាលហ្វ៊ីលីពីន ក្នុងចំណោមរថយន្តជាង 5 លានគ្រឿងដែលបានចុះឈ្មោះនៅប្រទេសនេះ មានតែ 9,000 គ្រឿងប៉ុណ្ណោះដែលជារថយន្តអគ្គិសនី ក្នុងនោះ ភាគច្រើនគឺជាកូនរថយន្ត។
ចំណែកទិន្នន័យពី ការិយាល័យពាណិជ្ជកម្មអន្តរជាតិរបស់ សហរដ្ឋអាមេរិក វិញ បានបង្ហាញថា រថយន្តអគ្គិសនីផ្ទាល់ខ្លួនរួមចំណែកតែ 1% ប៉ុណ្ណោះនៅក្នុងទីផ្សារ ហើយភាគច្រើនគឺជាកម្មសិទ្ធិរបស់អ្នកមានលំដាប់កំពូល៕