Skip to content

Ronaldo បង្កើតបាន​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី​នៅ World Cup ចំនួន 5 រដូវ​កាល

កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ លោក Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង 5 រដូវ​កាល​របស់ World Cup បន្ទាប់ពី​បាន​ស៊ុត​បញ្ចូល​ទី​របស់ ហ្កា​ណា កាលពី​យប់​ថ្ងៃទី 25 វិច្ឆិកា 2022។

នាទី​ទី 61 ខ្សែប្រយុទ្ធ Joao Felix បញ្ជូន​បាល់​ឱ្យ Ronaldo ដែល​រត់​កាត់​បញ្ឆិត​ទៅ​កាន់​តំបន់​គ្រោះថ្នាក់​បាន​លឿន​ជាង​ខ្សែការពារ​កណ្ដាល Mohammed Salisu។ ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល ក៏​រុញ​បាល់​ទៅមុខ និង​ដួល​ដោយសារ​ឥទ្ធិពល​ពី​កីឡាករ​ខ្សែការពារ​កណ្ដាល​របស់ ហ្កា​ណា។ ភ្លាមនោះ អាជ្ញាកណ្ដាល​ជនជាតិ​អាម៉េរិក Ismail Elfath ក៏​ផ្លុំ​កញ្ចែ​ពិន័យ។

មុនពេល​ស៊ុត​គ្រាប់​បាល់​ពិន័យ Ronaldo ថើប​បាល់ និង​ដកដង្ហើម​តាម​មាត់​ជា​បន្តបន្ទាប់ មុននឹង​រត់​ចូល​ទាត់​បាល់​ឱ្យ​ហោះ​ខ្ពស់​សំដៅទៅ​កាន់​ជ្រុង​ខាង​ឆ្វែ​ង ធ្វើឱ្យ​អ្នកចាំទី Lawrence Ati-Zigi មិនអាច​រារាំង​ដល់។ កំពូល​តារាបាល់ទាត់​វ័យ 37 ឆ្នាំនេះ ក៏​ងាកក្រោយ អបអរ​ទៅតាម​របៀប​ដូច​សព្វមួយដង។ Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង 5 រដូវ​កាល​របស់ World Cup។

Ronaldo បាន​ចូល​លេង​នៅ World Cup ដំបូង​កាលពី​ឆ្នាំ 2006 ក្នុង​វ័យ 21 ឆ្នាំ និង​បាន​ស៊ុត​បញ្ចូល​ទី 1 គ្រាប់ ជួយ​ឱ្យ ព័រទុយហ្កាល់ ឈ្នះ អ៊ីរ៉ង់ 2-0។ 4 ឆ្នាំ​ក្រោយមក​នៅ អាហ្វ្រិក​ខាងត្បូង Ronaldo បន្ត​រកបាន 1 គ្រាប់​នៅក្នុង​ការប្រកួត​ជាមួយ កូរ៉េខាងត្បូង ដែល​ទទួលបាន​លទ្ធផល 7-0។ World Cup 2014 នៅ ប្រេ​ស៊ី​ល ប្រធាន​ក្រុម​របស់ ព័រទុយហ្កាល់ ក៏​រកបាន​គ្រាប់​បាល់​ដែល​កំណត់ឱ្យ​ឈ្នះ ហ្កា​ណា 2-1។ មកដល់ World Cup 2018 Ronaldo បង្កើតបាន hat-trick (រកបាន 3 គ្រាប់​តែម្នាក់ឯង) នៅក្នុង​ការប្រកួត​ជាមួយនឹង អេ​ស្ប៉ា​ញ ដែល​ទទួលបាន​លទ្ធផល 3-3។ Ronaldo រកបាន​គ្រាប់​បាល់​សរុប​ចំនួន 8 គ្រាប់​នៅ World Cup។

Leave a Reply

Your email address will not be published. Required fields are marked *