ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ កាណាដា អភិវឌ្ឍស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យចល័តអាចបញ្ចូលអគ្គិសនីឱ្យបណ្ដារ៉ូបូតដែលផ្លាស់ទីចូលទៅក្នុងតំបន់ជម្រាលងងឹតនៅលើឋានព្រះចន្ទ។
តំបន់ជម្រាលងងឹតជានិច្ចនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ត្រូវបានអ្នកវិទ្យាសាស្ត្រយកចិត្តទុកដាក់ជាខ្លាំង ព្រោះតែវាអាចជាកន្លែងដែលលាក់អាថ៌កំបាំងស្ដីពីអតីតកាលរបស់ប្រព័ន្ធព្រះអាទិត្យ។ ប៉ុន្តែ ដោយសារតែពន្លឺព្រះអាទិត្យមិនចាំងទៅលើតំបន់ទាំងនោះ បណ្ដារ៉ូបូតដែលទៅកាន់ជម្រាលងងឹត នឹងត្រូវពឹងលើតែថាមពលតិចតួចនៅក្នុងថ្មរបស់ពួកវា។
ដើម្បីផ្ដល់ថាមពលស្ថិរភាពបន្ថែមទៀតទៅឱ្យរ៉ូបូតស្រាវជ្រាវព្រះចន្ទនាពេលអនាគត ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ កាណាដា Stells Space គ្រោងនឹងនាំ «ស្ថានីយថាមពលដំណើរការស្វ័យប្រវត្ត» ទៅចុះលើដីរបស់ឋានព្រះចន្ទនៅឆ្នាំ 2025 ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់តំបន់ជម្រាលគ្មានពន្លឺ អនុញ្ញាតឱ្យរ៉ូបូតបញ្ចូលថាមពលឡើងវិញ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 21 វិច្ឆិកា 2022។
ស្ថានីយថាមពលខាងលើមានឈ្មោះថា Mobile Power Rover 1 (MPR-1)។ យន្តការនេះដំណើរការតាមរយៈការដាក់ដុំសម្រាប់ផ្ដល់ថាមពលនៅតំបន់ជម្រាលងងឹត បន្ទាប់មក MPR-1 នឹងឈរត្រដាងផ្ទាំងសូឡាក្រោមពន្លឺថ្ងៃ រួចបញ្ជូនអគ្គិសនីតាមខ្សែកាបទៅកាន់ដុំសម្រាប់បញ្ចូលថាមពល ដែលនៅទីនោះ បណ្ដារ៉ូបូតអាចទាញយកអគ្គិសនីដោយមិនបាច់ប្រើខ្សែ៕