គំរូឡានហោះមួយអាចប្ដូរការពីការធ្វើដំណើរនៅលើដី ទៅជាការហោះហើរលើអាកាសបានដោយងាយ ត្រូវបានបង្ហាញនៅ Chongqing ប្រទេសចិន កាលពីសប្ដាហ៍កន្លង។
ឡានហោះមានកៅអីចំនួន 2 នេះគឺជាប្រភេទដំបូងគេលើពិភពលោកដែលអាចដោះចេញពីគ្នាបាន និងត្រូវបានបង្ហាញនៅទីក្រុង Chongqing ភាគនិរតីនៃ ប្រទេសចិន កាលពីថ្ងៃទី 18 វិច្ឆិកា 2022។
ឡានហោះនេះអាចដឹកវត្ថុទម្ងន់ជាង 500 គីឡូក្រាម និងហោះក្នុងល្បឿន 80 គីឡូម៉ែត្រ/ម៉ោង។ យានយន្តនេះត្រូវបានសហការក្នុងការអភិវឌ្ឍដោយ មជ្ឈមណ្ឌលច្នៃប្រឌិត Chongqing នៃ វិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង រួមនឹងក្រុមហ៊ុនបច្ចេកវិទ្យា Cool Black (ប៉េកាំង) និង អាជ្ញាធរនៃទីក្រុង Chongqing។
ដោយប្រើប្រាស់បច្ចេកវិទ្យាកំណត់ទិស ណែនាំ និងដំឡើងដ៏សុក្រឹត អ្នកប្រើប្រាស់អាចប្ដូរផ្លាស់ផ្នែកនានារបស់ឡានហោះនេះ ពីរបបបើកបរលើដី ទៅជាការហោះហើរលើអាកាសបានយ៉ាងងាយស្រួល។ ឡានហោះនេះអាចហោះឡើង និងចុះចតដោយត្រង់ជាមួយនឹងកាប៊ីនឆ្លាតវៃ។
ថ្វីបើគម្រោងឡានហោះនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែ ភាគីក្រុមហ៊ុនបាននិយាយថា ការហោះហើរ ក៏ដូចជាការបើកបរនៅលើដីដែលបង្ហាញជាសាធារណៈ នឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនៅទីក្រុង Chongqing៕