Skip to content

មហា​សេដ្ឋី​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្រកាសថា ខ្លួន​ជា CEO ថ្មី​របស់ Twitter

មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ប្រកាស​ជា​ផ្លូវការ​ថា បានទទួល​តំណែង​ជា​នាយក​ប្រតិបត្តិ (CEO) ថ្មី​របស់​បណ្ដាញ​សង្គម Twitter ដែល​លោក​ទើបតែ​ទិញ​ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ។

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស ទើបតែ​បានបញ្ជាក់​អំពី​មុខតំណែង​ថ្មី​របស់គាត់​នៅក្នុង​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃទី 31 តុលា (ម៉ោង​នៅ សហរដ្ឋ​អាម៉េរិក) ក្រោយពី​ទិញ​បណ្ដាញ​សង្គម​នេះ​បាន 3 ថ្ងៃ។

បច្ចុប្បន្ន ក្រៅពី​តំណែង CEO របស់ Twitter លោក ម៉ាស ក៏​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស SpaceX ផងដែរ។

កាលពី​សប្ដាហ៍​កន្លង ករណី​ទិញដូរ Twitter របស់លោក ម៉ាស ដែល​មាន​តម្លៃ 44 ពាន់​លាន​ដុល្លារ​ ត្រូវបាន​សម្រេច​ជា​ស្ថាពរ ក្រោយ​ការប្រែប្រួល​អស់ជា​ច្រើន​ខែ។

ការទិញ​បណ្ដាញ​សង្គម​ខាងលើ​របស់លោក ម៉ាស ត្រូវបាន​ធានា​ខ្ទង់​ប្រាក់កម្ចី​ពី​បណ្ដា​ធនាគារ ហើយ​ក៏​​​ទទួលបាន​ការគាំទ្រ​ពី​អ្នកវិនិយោគ​ល្បីល្បាញ​​មួយចំនួន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *