សុនករ៉ូបូត Spot ជាច្រើនគ្រឿងរបស់ក្រុមហ៊ុន Boston Dynamics បន្តធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងនៅពេលពួកវារាំជាក្រុមទៅតាមបទចម្រៀងល្បីឈ្មោះរបស់ BTS បានយ៉ាងល្អ។
ត្រូវបានបង្ហាញជាលើកដំបូងកាលពីឆ្នាំ 2016 រ៉ូបូត Spot របស់ Boston Dynamics គឺជាសុនកយន្តស្វ័យប្រវត្តទំនើបដែលមានសមត្ថភាពហក់លោត រាំរែក ឡើងទួល ដើរឆ្លងកាត់ឧបសគ្គ ចាប់កាន់វត្ថុ និងអាចធ្វើសកម្មភាពធម្មតាប្រចាំថ្ងៃដូចជា បើកទ្វារ និងកាន់ទំនិញជាដើម។ ដោយបច្ចេកវិទ្យារីកចម្រើនខ្លាំងក្នុងរយៈពេលច្រើនឆ្នាំកន្លង ការសម្ដែងបង្ហាញរបស់ Spot ក៏កាន់តែគួរឱ្យចាប់អារម្មណ៍។
នៅក្នុងវីដេអូថ្មីបំផុតដែលត្រូវបានចែករំលែកដោយក្រុមហ៊ុន Boston Dynamics គេឃើញសុនករ៉ូបូត Spot ចំនួន 7 គ្រឿង សម្ដែងបង្ហាញក្បាច់រាំអមជាមួយនឹងបទចម្រៀង Permission to Dance ដែលជាបទល្បីខ្លាំងរបស់ក្រុមចម្រៀងកូរ៉េខាងត្បូង BTS ដែលមានសមាជិក 7 នាក់ដូចគ្នានេះដែរ។ វីដេអូនេះថែមទាំងមានការចូលរួមរបស់ Atlas ដែលជារ៉ូបូតរូបរាងជាមនុស្ស កម្ពស់ 1.8 ម៉ែត្រ របស់ Boston Dynamics។
ក្រុមហ៊ុន Boston Dynamics ដែលមានទីស្នាក់ការកណ្ដាលនៅ សហរដ្ឋអាម៉េរិក ត្រូវបានក្រុមហ៊ុនផលិតរថយន្ត Hyundai Motor របស់ កូរ៉េខាងត្បូង ទិញភាគហ៊ុនភាគច្រើនក្នុងតម្លៃ 1.1 ពាន់លានដុល្លារកាលពីឆ្នាំកន្លង។
វីដេអូថ្មីនេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាង Hyundai Motor និង BTS សម្រាប់ការប្រគំតន្ត្រី «Yet to Come» របស់ពួកគេនៅ Busan នាខែតុលា 2022 ជាព្រឹត្តិការមួយដែលធ្វើឡើងដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់ កូរ៉េខាងត្បូង នៅក្នុងការប្រកួតប្រជែងដណ្ដើមសិទ្ធិប្រារព្ធព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាពិភពលោក World Expo នៅឆ្នាំ 2030។
នេះមិនមែនជាលើកដំបូងទេដែលរ៉ូបូត Spot «cover» ក្បាច់រាំរបស់ BTS។ កាលពីខែមិថុនា 2021 ដើម្បីជាការសាទរដល់ការទិញ Boston Dynamics របស់ Hyundai ក្រុមហ៊ុននេះក៏បានចាប់ដៃជាមួយក្រុមចម្រៀង BTS ដើម្បីធ្វើវីដេអូមួយដែលសម្ដែងក្បាច់រាំអមជាមួយនឹងចម្រៀង IONIQ: I’m On It ផងដែរ៕