ភ្លាមៗបន្ទាប់ពីការចូលគ្រប់គ្រង Twitter លោក អ៊ីឡុន ម៉ាស នាព្រឹកនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមនេះយ៉ាងខ្លីថា “the bird is freed” ដែលមានន័យថា «សត្វមានសេរីភាពហើយ»។
ក្រុមអ្នកវិភាគយល់ថា សារថ្មីនេះរបស់លោក ម៉ាស មិនត្រឹមតែចង់អះអាងថា បណ្ដាញសង្គមនេះបានមកលើដៃគាត់នោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់ថា គោលដៅជំរុញសេរីភាពបញ្ចេញមតិនៅលើ Twitter ត្រូវបាន «បើកសោរួចហើយ។ មុននោះ នៅក្នុងផែនការទិញ Twitter មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង អ៊ីឡុនម៉ាស ធ្លាប់បានសន្យាថា នឹងកែទម្រង់បណ្ដាញសង្គមនេះតាមរយៈការបន្ធូរបន្ថយការចាប់ពិរុទ្ធខ្លឹមសារ ក៏ដូចជាធ្វើឱ្យប្រព័ន្ធនេះមានតម្លាភាពជាងមុន។
CNBC បានឱ្យដឹងថា CEO របស់ Tesla ក៏ប្រញាប់ចម្រាញ់បណ្ដាញសង្គមនេះ នៅពេលគាត់បញ្ឈប់ការងាររបស់មេដឹកនាំសំខាន់មួយចំនួន មានដូចជា CEO Parag Agrawal, ប្រធានផ្នែកហិរញ្ញវត្ថុ Ned Segal, ប្រធានរដ្ឋបាល និងផ្នែកច្បាប់ Vijaya Gadde និងទីប្រឹក្សា Sean Edgett ជាដើម ដោយយល់ថា ពួកគេមិនមានតម្លាភាពទាក់ទងនឹងតួលេខនៃគណនីក្លែងក្លាយនៅលើ Twitter។
លោក ម៉ាស ឱ្យដឹងថា លោកមានបំណងលុបបំបាត់គណនីសំរាម និង bot នៅលើបណ្ដាញសង្គម Twitter កែសម្រួលរបៀបតម្រៀបខ្លឹមសារ និងទប់ស្កាត់បណ្ដាញសង្គមនេះមិនឱ្យក្លាយជាកន្លែងផ្ទុកព័ត៌មានអាក្រក់ សូម្បីតែនៅពេលការចាប់ពិរុទ្ធខ្លឹមសារត្រូវបានបន្ធូរបន្ថយ។
ម្ចាស់ថ្មីរបស់ Twitter ក៏បានរំងាប់អារម្មណ៍របស់បុគ្គលិក នៅពេលអះអាងថា នឹងមិនមានការកាត់បន្ថយបុគ្គលិក 75% នៅពេលលោកចូលកាន់តំណែងជា CEO ដូចពាក្យចចាមអារ៉ាមឡើយ។ លោក ម៉ាស ក៏និយាយសំដៅលើក្រុមអ្នកផ្សព្វផ្សាយពាណិជ្ជកម្មថា ការរិះគន់របស់លោកនាពេលកន្លង នឹងមិនប៉ះពាល់ដល់បណ្ដាញសង្គមមួយនេះ។
លោក អ៊ីឡុន ម៉ាស កាលពីខែមេសា 2022 ប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជាប្រកាសដកខ្លួន ដោយចោទថា បណ្ដាញសង្គមនេះបានរំលោភលើកិច្ចព្រមព្រៀង។ ខែកញ្ញាកន្លងទៅ លោក ម៉ាស ក៏បានប្ដូរចិត្ត ដោយថា លោកនឹងនៅតែទិញ Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារអាម៉េរិកដូចមុន៕