មហាសេដ្ឋីអាម៉េរិក លោក អ៊ីឡុន ម៉ាស ត្រូវបានគេអះអាងថា បានសម្រេចរាល់ជំហានចុងក្រោយនៅក្នុងការចូលគ្រប់គ្រង Twitter និងបញ្ឈប់បុគ្គលិកជាន់ខ្ពស់ជាច្រើននាក់។
យោងតាម CNBC នាយកប្រតិបត្តិរបស់ Twitter លោក Parag Agrawal និងនាយកផ្នែកហិរញ្ញវត្ថុ Ned Segal បានចាកចេញពីទីស្នាក់ការកណ្ដាលនៅ San Francisco។ អ្នកទាំងពីរនឹងឈប់ធ្វើការនៅ Twitter ចាប់ពីថ្ងៃទី 28 តុលា ក្រោយពី អ៊ីឡុន ម៉ាស ចូលគ្រប់គ្រង។
ប្រភពព័ត៌មានរបស់ WSJ បានឱ្យដឹងថា Agrawal និង Segal ត្រូវបានលោក ម៉ាស បញ្ឈប់ ក្រោយពីម្ចាស់ Tesla បានទៅកាន់ការិយាល័យរបស់ Twitter កាលពីថ្ងៃទី 27 តុលា។ ចំណែក Bloomberg វិញ ផ្សាយថា ក្រៅពី Agrawal និង Segal ក៏នៅមានមេដឹកនាំផ្នែកច្បាប់ និងគោលការណ៍ Vifaya Gadde រួមនឹង ទីប្រឹក្សារួម Sean Edgett ផងដែរ ដែលត្រូវបានបញ្ឈប់ពីការងារ។
Agrawal នឹងមិនចាកចេញដោយដៃទទេឡើយ។ យោងតាម Reuters កិច្ចសន្យារវាង Agrawal និង Twitter តម្រូវឱ្យបណ្ដាញសង្គមនេះបង់ប្រាក់ប្រហែល 42 លានដុល្លារដល់ Agrawal។
តំណាងរបស់បណ្ដាញសង្គម Twitter មិនទាន់មានការបកស្រាយនៅឡើយ ដោយបានបដិសេធការស្នើសុំការអធិប្បាយអំពីបញ្ហាខាងលើ។
កាលពីថ្ងៃទី 27 តុលា មហាសេដ្ឋី អ៊ីឡុន ម៉ាស បានទៅដល់ទីស្នាក់ការរបស់ Twitter និងនាំយកឡាបូលាងដៃមួយមកតាមខ្លួន ព្រមទាំងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមនេះ។ នៅលើទំព័រព័ត៌មានផ្ទាល់ខ្លួន លោក ម៉ាស ក៏បានប្ដូរខ្លឹមសារណែនាំខ្លួនទៅជា «ម្ចាស់ Twitter» ផងដែរ ដែលនេះត្រូវបាន Business Insider វាយតម្លៃថា ជាកាយវិការបង្ហាញថា លោក ម៉ាស មានគម្រោងធ្វើជា CEO របស់ Twitter។
លោក អ៊ីឡុន ម៉ាស កាលពីខែមេសា 2022 ប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជាប្រកាសដកខ្លួន ដោយចោទថា បណ្ដាញសង្គមនេះបានរំលោភលើកិច្ចព្រមព្រៀង។ ខែកញ្ញាកន្លងទៅ លោក ម៉ាស ក៏បានប្ដូរចិត្ត ដោយថា លោកនឹងនៅតែទិញ Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារអាម៉េរិកដូចមុន៕