Skip to content

មហា​សេដ្ឋិនី​ប្ដូរ​ភេទ​ថៃ ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល (Miss Universe)

ទូរទស្សន៍ JKN18 បាន​ផ្សាយ​ថា មហា​សេដ្ឋិនី​ប្ដូរ​ភេទ​របស់ ប្រទេស​ថៃ Anne Jakrajutatip ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល ដែល​មុននេះ​គឺជា​កម្មសិទ្ធិ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក និង​ក្រុមហ៊ុន IMG។

នា​ព្រឹក​ថ្ងៃទី 26 តុលា​នេះ Anne Jakrajutatip (CEO របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ JKN Global Media) បាន​ទិញ​ស្ថាប័ន​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​ចក្រវាល Miss Universe និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​របស់​ស្ថាប័ន​នេះ។

មុននេះ​មិនយូរប៉ុន្មាន Anne Jakrajutatip បានបង្ហាញ​បំណង​ទិញ​ស្ថាប័ន​ខាងលើ និង​លើកកម្ពស់​គុណភាព​ឱ្យបាន​ល្អ​ជាង ធៀប​នឹង​ពេល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល ត្រាំ និង​ក្រុមហ៊ុន IMG។ ដើមឡើយ Miss Universe គឺជា​កម្មសិទ្ធិ​របស់​ម​ហា​សេដ្ឋី ដូ​ណា​ល ត្រាំ ប៉ុន្តែ ត្រូវបាន​ក្រុមហ៊ុន IMG ទិញ​ចាប់ពី​ឆ្នាំ 2015។

កាលពី​ខែកញ្ញា New York Post ឱ្យដឹងថា លោក Ari Emanuel ដែលជា CEO របស់ Endeavor (ម្ចាស់​ក្រុមហ៊ុន IMG) កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ចង់​លក់​ស្ថាប័ន Miss Universe ក្នុងតម្លៃ 20 លាន​ដុល្លារ​អាម៉េរិក។

មហាសេដ្ឋិនី Anne Jakrajutatip

ក្រោយពី​ត្រូវបាន​លក់​ឱ្យ Anne Jakrajutatip ស្ថាប័ន​នេះ​ក៏ត្រូវ​បាន​ពន្យារ​ព្រឹត្តិការណ៍ Miss Universe ទៅ​ដើមឆ្នាំ 2023 ហើយ​ទីតាំង​ប្រារព្ធ​កម្មវិធី​នេះ​គឺ​ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាម៉េរិក។

មហា​សេដ្ឋិនី Anne Jakrajutatip ឆ្នាំនេះ​មាន​អាយុ 40 គឺជា​ម្ដាយ​របស់​កូន 2 នាក់។ Anne Jakrajutatip កើត​ក្នុង​គ្រួសារ​ដើមកំណើត​ចិន នៅ រាជធានី​បាងកក ប្រទេស​ថៃ។ Anne Jakrajutatip បាន​ទៅ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ អូស្ត្រាលី ក្នុង​វ័យ 16 ឆ្នាំ។ ឆ្នាំ​អាយុ 21 លោក Anne Jakrajutatip បាន​ត្រលប់មក​ប្រទេស​ថៃ និង​ចាប់ផ្ដើម​ប្រើប្រាស់​សម្លៀកបំពាក់​នារី។ ឆ្នាំ​អាយុ 36 ឆ្នាំ មហា​សេដ្ឋិនី Anne Jakrajutatip ក៏បាន​សម្រេចចិត្ត​វះកាត់​ប្ដូរ​ភេទ៕

Leave a Reply

Your email address will not be published. Required fields are marked *