«កំពូលសេដ្ឋី» គឺជាក្រុមមនុស្សដែលមានទ្រព្យសម្បត្តិតម្លៃចាប់ពី 100 លានដុល្លារអាម៉េរិក ឡើងទៅ ជាទំហំទ្រព្យដែលអនុញ្ញាតឱ្យពួកគេមិនបាច់ពិចារណាវែងឆ្ងាយនៅពេលចំណាយ។
បច្ចុប្បន្ន ពិភពលោកមាន «កំពូលសេដ្ឋី» ជាង 25,000 នាក់ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអង់គ្លេស Henley & Partners។
លោកស្រី Abby Maxman ប្រធានអង្គការ Oxfam សហរដ្ឋអាម៉េរិក បាននិយាយថា «នេះគឺជាដំណាក់កាលផ្ទុះការកើតមាន «កំពូលសេដ្ឋី» ច្រើនមិនធ្លាប់មានពីមុនមក»។
ឈរលើកំពូលតារាងស្ដីពីបណ្ដាប្រទេសដែលមាន «កំពូលសេដ្ឋី» ច្រើនជាងគេក្នុងពិភពលោកគឺ សហរដ្ឋអាម៉េរិក ដោយមាន ពលរដ្ឋ 9,730 នាក់ មានទ្រព្យដែលមានតម្លៃចាប់ពី 100 លានដុល្លារឡើងទៅ។ ប្រទេសចិន និង ឥណ្ឌា ឈរលំដាប់ទី 2 និងទី 3 ក្នុងនោះ ចិន មាន 2,021 នាក់ និង ឥណ្ឌាមាន 1,132 នាក់។ ឈរលំដាប់ទី 4 គឺជា អង់គ្លេស ដោយមាន «កំពូលសេដ្ឋី» ចំនួន 968 នាក់ ខណៈដែល អាល្លឺម៉ង់ មាន 966 នាក់ ឈរលំដាប់ទី 5។
«កំពូលសេដ្ឋី» ទាំងនោះ ភាគច្រើនគឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនពហុជាតិសាសន៍ អ្នកជំនួញក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកស្នងមរតក។ ក្នុងរយៈពេល 20 ឆ្នាំមកនេះ ចំនួន «កំពូលសេដ្ឋី» បានកើនឡើងទ្វេដង។
ក្រុមអ្នកស្រាវជ្រាវព្យាករថា ចំនួន «កំពូលសេដ្ឋី» នឹងកើនឡើងលឿននៅ ទ្វីបអាស៊ី និង អាហ្វ្រិក ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយអាចយកឈ្នះលើ អាម៉េរិក និង អារ៉ុប នៅឆ្នាំ 2032៕