ក្រុមអ្នកជំនាញចិន អភិវឌ្ឍប្រព័ន្ធសាកល្បងមួយដែលអាចបង្កើនល្បឿនរបស់រថភ្លើងនៅក្នុងផ្លូវបំពង់ ឡើងដល់ 1,000 គីឡូម៉ែត្រ/ម៉ោង លឿនជាងរថភ្លើងប្រភេទអណ្ដែត (Magnetic levitation transport ឬហៅថា maglev) នាបច្ចុប្បន្ន។
ក្រុមវិស្វករចិន ដែលធ្វើការនៅក្នុងគម្រោងនៅភាគកណ្ដាលប្រទេស បានឱ្យដឹងថា ពួកគេបានឆ្ពោះទៅរកការសាងសង់ប្រព័ន្ធចរាចរណ៍ប្រភេទអណ្ដែត (maglev) នៅក្នុងបំពង់ដែលមានការកកិតកម្រិតទាប និងមានល្បឿនលឿន តាមរយៈការបូកផ្សំរវាងបច្ចេកវិទ្យាផ្លូវដែក និងអវកាសចរណ៍ នេះបើតាំ SCMP ចេញផ្សាយកាលពីថ្ងៃទី 24 តុលា។
ក្រុមវិស្វករមកពីក្រុមហ៊ុនវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចរណ៍ចិន (CASIC) សង្ឃឹមថា ពួកគេអាចដំណើរការរថភ្លើងអណ្ដែតនៅក្នុងបំពង់ដែលមានបរិយាកាសស្ដើងបំផុត ដែលនេះមានន័យថា រថភ្លើងនឹង «ហោះលើផ្ទៃដី» ក្នុងល្បឿនស្មើនឹងយន្តហោះ។ បច្ចេកវិទ្យានេះនឹងជួយដោះស្រាយបញ្ហាពីរធំៗនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក រួមមានការកកិតរវាងកង់រថភ្លើងជាមួយនឹងផ្លូវដែក និងកម្លាំងកកិតរវាងខ្យល់ជាមួយនឹងរថភ្លើង។
ផ្លូវរថភ្លើងអណ្ដែតក្នុងបំពង់ប្រវែង 2 គីឡូម៉ែត្រនៅទីក្រុង Datong ក្នុងខេត្ត Shanxi ប្រទេសចិន យកលំនាំតាមគម្រោង Hyperloop របស់មហាសេដ្ឋីអាម៉េរិក អ៊ីឡុន ម៉ាស។ CASIC ឱ្យដឹងថា ខ្លួនកំពុងកាន់កាប់កម្មសិទ្ធិបញ្ញាចំពោះផ្លូវរថភ្លើងអណ្ដែតនៅ Shanxi នេះ។
Zhao Ming ប្រធានផ្នែកបច្ចេកវិទ្យា maglev នៅ CASIC និយាយថា រថភ្លើងអណ្ដែតថ្មីនឹងមានសុវត្ថិភាព និងស្ថិរភាពដូចយន្តហោះ។ យោងតាមលោក Zhao Ming គម្លាតរវាងទីក្រុងធំៗនៅ ប្រទេសចិន ឡើងដល់ជាង 965 គីឡូម៉ែត្រ ដូច្នេះគេត្រូវការមធ្យោបាយដែលអាចធ្វើដំណើរក្នុងល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។
ក៏ប៉ុន្តែ Lu Fang ដែលជាវិស្វករនៅសាកលវិទ្យាល័យចរាចរណ៍ប៉េកាំង ឱ្យដឹងថា គម្រោងខាងលើមានហានិភ័យច្រើនទាក់ទិននឹងបច្ចេកវិទ្យា មានដូចជា រថភ្លើងអាចឃ្លាតចេញពីផ្លូវដែក ឬដាច់ហ្វ្រាំងជាដើម។ ក្រៅពីនេះ ការចំណាយខ្ពស់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថភ្លើងអណ្ដែតក្នុងបំពង់ល្បឿនលឿននេះ ក៏ជាឧបសគ្គមួយផងដែរ៕