ពិធីប្រកាសបើកការចរចាជាផ្លូវការ លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី 24 ខែតុលា 2022 នៅ រដ្ឋធានីអាប៊ុយដាប៊ី នៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានចូលរួមជាអធិបតី នៅក្នុងពិធីខាងលើ ដែលមានវត្តមានរបស់ក្រុមការងារពាក់ព័ន្ធរបស់ភាគីទាំងពីរ នេះបើតាម ក្រសួងពាណិជ្ជកម្មកម្ពុជា។
កិច្ចព្រមព្រៀង Cambodia-UAE CEPA មានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការចរចាលើបញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម ជាដើម។ល។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា Cambodia-UAE CEPA មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។
«យើងសូមស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក» ឯកឧត្តមបណ្ឌិត អាល់ ហ្សេយូឌី ក៏បានលើកឡើងដូច្នេះ។
យោងតាម ក្រសួងពាណិជ្ជកម្មកម្ពុជា ដំណើរការចរចាជុំទីមួយសម្រាប់ Cambodia-UAE CEPA នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24-26 ខែតុលា ឆ្នាំ 2022 ក្នុងនោះ ភាគីកម្ពុជា នឹងដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចំណែកភាគី អេមីរ៉ាតអារ៉ាប់រួម នឹងដឹកនាំដោយ ឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយនឹងមន្ត្រីពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕