Skip to content

យាន​​អេឡិចត្រូម៉ាញ៉េទិច​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក អាច​អភិវឌ្ឍ​រួម​នឹង​រថភ្លើង​អណ្ដែត​​លើ​ផ្លូវ​ដែក

ប្រទេស​ចិន​ បាន​ធ្វើ​ការ​សាកល្បង​ដោយ​ជោគ​ជ័យ​នូវ​យាន​​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​​អេឡិចត្រូម៉ាញ៉េទិច​ ដែល​​អាច​រុញ​ទូរថភ្លើង​ឱ្យធ្វើ​ដំណើរ​ក្នុង​ល្បឿន​ ១,០៣០ គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង​ ជិត​ស្មើ​នឹង​ល្បឿន​របស់​សំឡេង​។

យាន​រុញអេឡិចត្រូម៉ាញេទិចខាងលើ ត្រូវ​បាន​បង្កើត​ឡើង​នៅទីក្រុង Jinan នៃ​ខេត្ត Shandong ដោយ​វិទ្យា​ស្ថាន​បច្ចេក​ទេស​អគ្គិសនី​នៃ​ បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ចិន​ នេះ​បើ​តាម​ SCMP ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​។

យាន​រុញ​អេឡិច​ត្រូម៉ាញេទិច​របស់ ​វិទ្យា​ស្ថាន​បច្ចេកទេស​អគ្គិសនីចិន មិន​មាន​ផ្ទុក​ឥន្ធនៈ​ និង​មាន​ល្បឿន​ប្រតិកម្ម​រហ័ស​ ហើយ​ងាយ​ស្រួល​បញ្ជា​។

យោង​តាម​ CCTV ជោគ​ជ័យ​នៃ​ការ​សាកល្បង​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ចរាចរណ៍​ ឬ​បណ្ដាញ​គមនាគមន៍​ ក្នុង​នោះ​មាន​ទាំង​កប៉ាល់ និង​យន្តហោះ​ផងដែរ។ មូលដ្ឋាន​នៅ Jinan គឺជា​ទីតាំង​សាកល្បង​យាន​យន្ត​ល្បឿន​លឿន​​នៅ​លើ​ដី​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ប្រើប្រាស់​​បច្ចេកវិទ្យា​អេឡិច​ត្រូម៉ាញេទិច​។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​ខាងលើ​បាន​ឱ្យ​ដឹង​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​សម្រាប់​ប្រព័ន្ធ​សាកល្បង​នេះ​រួម​មាន​ ២ ផ្នែក​សំខាន់​គឺ ខ្សែ​ភ្លើង​ដែល​ដាក់​ខាង​ក្នុង​ទូរបស់​យាន​ និង​ផ្លូវ​ចង្អូរ​សម្រាប់​អេឡិច​ត្រូម៉ាញេទិច​​កម្លាំង​ខ្លាំង​។ នៅ​ពេល​បើក​ចរន្ត​អគ្គិសនី​នៅ​លើ​ខ្សែ​ភ្លើង​ ដែន​ម៉ាញេទិច នឹង​បង្កើត​កម្លាំង​អេឡិច​ត្រូម៉ាញេទិច រុញ​ទូ​រថភ្លើង​ឆ្ពោះទៅមុខ​។

https://www.youtube.com/watch?v=ionqhO-IOOc

គម្រោង​ដែល​មាន​តម្លៃ​ជាង ៤៥៦ លាន​ដុល្លារ​នេះ អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សាង​សង់​ប្រព័ន្ធ​រថភ្លើង​អណ្ដែត​ល្បឿន​លឿន​នៅ​ ប្រទេស​ចិន​។ រថភ្លើង​អណ្ដែត​ (maglev train or magnetic levitation train) គឺជា​រថភ្លើង​ដែល​អណ្ដែត​ពី​លើ​ផ្លូវ​ដែក​ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ វា​នឹង​មាន​​ភាព​​កកិត​កម្រិត​​ទាប​ ល្បឿន​លឿន​ខ្លាំង ​មិន​សូវ​ប៉ះពាល់​បរិស្ថាន​ សំឡេង​រំខាន​​តិច ការ​ញាប់​ញ័រកម្រិត​ទាប ប៉ុន្តែ​​ ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ដំណើរ​៕

Leave a Reply

Your email address will not be published. Required fields are marked *