(ប្រទេសចិន)-ស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Nebula អាចជួយឱ្យរថយន្តរត់បានជាង ២០០ គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលរយៈពេលតែ ៨ នាទី។
ស្ថានីយបញ្ចូលថាមពលមហាលឿនសម្រាប់រថយន្តអគ្គិសនីមួយកន្លែងដែលអាចបម្រើសេវាកម្មដល់រថយន្តអគ្គិសនី ២០ គ្រឿងក្នុងពេលតែមួយ និងអាចជួយឱ្យរថយន្តរត់បានជាង ២០០ គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលរយៈពេល ៨ នាទី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការចាប់ពីសប្ដាហ៍នេះ នៅក្នុងទីក្រុង Ningde ខេត្ត Fujian ប្រទេសចិន។
នេះគឺជាស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីឆ្លាតវៃដំបូងគេនៅ ប្រទេសចិន ដែលបំពាក់ប្រព័ន្ធបញ្ចូលថាមពលមានបណ្ដាញរក្សាទុកថាមពល និងត្រូវបានដំណើរការដោយបណ្ដាញអគ្គិសនីចរន្តជាប់ (DC)។
ដោយមានទំហំ ២,១០០ ម៉ែត្រក្រឡា ស្ថានីយបញ្ចូលថាមពលអគ្គិសនីនេះត្រូវបានបំពាក់ប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខ្នាត megawatt។ វាប្រើប្រាស់ផ្ទាំងសូឡារនៅលើដំបូលសម្រាប់ផលិតអគ្គិសនីដើម្បីរក្សាទុកថាមពល និងបញ្ចូលទៅឱ្យយានយន្តអគ្គិសនី
ក្រៅពីការបញ្ចូលថាមពល ស្ថានីយនេះក៏មានសេវាកម្មត្រួតពិនិត្យសុខភាពថ្មផ្ទុកអគ្គិសនី និងផ្ញើទិន្នន័យឱ្យអតិថិជន។
ក្រុមហ៊ុនអភិវឌ្ឍ Nebula មានគម្រោងសាងសង់ស្ថានីយបែបនេះចំនួន ១២ កន្លែង នៅមុនចុងឆ្នាំក្រោយ និង ៥០ កន្លែងនៅក្នុងទីក្រុង Ningde ក្នុងរង្វង់ ៥ ឆ្នាំខាងមុខ៕