នៅតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស នឹងត្រូវប្រគល់ប្រាក់ ៤៤ ពាន់លានដុល្លារ ថ្លៃទិញ Twitter ទៅតាមពេលវេលាដែលបានកំណត់នៅតុលាការ។
ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក អ៊ីឡុន ម៉ាស បានឱ្យដឹងថា លោក និងក្រុមអ្នកវិនិយោគដទៃទៀត «ជាក់ច្បាស់ណាស់ បានឱ្យថ្លៃខ្ពស់ហួស» ចំពោះការទិញបណ្ដាញសង្គម Twitter។
ក៏ប៉ុន្តែ មហាសេដ្ឋីរូបនេះទើបតែបាននិយាយថា «សប្បាយចិត្តអំពីស្ថានភាព Twitter» និងប្រៀបធៀបក្រុមហ៊ុនបណ្ដាញសង្គមនេះថាដូចជាទ្រព្យមួយដែលបាន «រេចរឹលក្នុងមួយរយៈពេលយូរ» ប៉ុន្តែមាន «សក្ដានុពលគួរឱ្យភ្ញាក់ផ្អើល»។
ក្រោយការអធិប្បាយខាងលើរបស់ម្ចាស់ SpaceX ភាគហ៊ុន Twitter ក៏ឡើងថ្លៃនៅក្នុងការជួញដូរបន្ទាប់នោះ។
រឿងរ៉ាវទិញដូររវាង អ៊ីនឡុន ម៉ាស និង Twitter បានអូសបន្លាយពេលអស់ជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់បានសម្រេច។ កាលពីថ្ងៃទី ៦ តុលា ចៅក្រមតុលាការរដ្ឋ Delaware បានផ្អាករឿងក្ដីនេះទៅតាមសំណើរបស់លោក ម៉ាស ដោយសហស្ថាបនិករបស់ Tesla រូបនេះ ព្រមបន្តដំណើរការទិញ Twitter។
«បើសិនការទិញដូរមិនបានបញ្ចប់ជាស្ថាពរមុនម៉ោង ៥ រសៀលថ្ងៃទី ២៨ តុលា ២០២២ ភាគីទាំងពីរនឹងត្រូវបានណែនាំឱ្យទាក់ទងមកខ្ញុំតាមអ៊ីមេលនៅព្រលប់ថ្ងៃនោះដើម្បីដឹងអំពីថ្ងៃកាត់ក្ដីករណីជម្លោះនៅតុលាការក្នុងខែវិច្ឆិកា ២០២២» ចៅក្រម Kathaleen St. McCormick នៅតុលាការ Delaware ប្រកាសដូច្នេះ។
ភាគីលោក អ៊ីឡុន ម៉ាស បានឱ្យដឹងថា នឹងបន្តដំណើរការទិញ Twitter ទៅតាមតម្លៃ ៥៤.២០ ដុល្លារ/ភាគហ៊ុន ដូចដែលបានស្នើទិញដំបូង ហើយភាគីអ្នកផ្ដល់ឥណទានកំពុងតែញាប់ដៃញាប់ជើងដើម្បីបង្ហើយកិច្ចព្រមព្រៀងទិញដូរនេះនៅ ឬប្រហែលថ្ងៃទី ២៨ តុលា ក្រោយមួយរយៈពេលយូរដែលលោក ម៉ាស បានព្យាយាមគេចពីការទិញដូរនេះ។
មកដល់ពេលនេះ នៅសល់ ៨ ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃកំណត់ ២៨ តុលា។ ប៉ុន្តែ ភាគីទាំងឡាយក្នុងកិច្ចព្រមព្រៀងទិញដូរ Twitter នេះ មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយ។ ជាងនេះ ខាង Twitter ក៏នៅមានការមន្ទិលចំពោះលោក ម៉ាស ទាក់ទិននឹងកាលបរិច្ឆេទចុងក្រោយ និងកញ្ចប់ឥណទានសម្រាប់ការទិញដូរនេះ៕