នៅក្នុងសង្គ្រាមបន្តពូជ ជន្លេនសំប៉ែត ឬហៅថា ដង្កូវសំប៉ែត ដែលមានសរីរាង្គភេទជាញីផង ជាឈ្មោលផង នឹងព្យាយាមចៀសវាងការពពោះដ៏លំបាកដោយការ «ប្រញាប់» រកវិធី «រំលោភ» ឱ្យបានមុនគូប្រជែង។
ជន្លេនសំប៉ែត គឺដូចទៅនឹងក្រុមសត្វដែលមានរាងកាយទន់ Nudibranch ហើយពួកវាមានប្រដាប់បន្តពូជជាឈ្មោលផង ជាញីផង និងមិនមានភ្នែកសម្រាប់មើល ប៉ុន្តែអាចផ្លាស់ទីបានល្អដោយប្រើប្រាស់អង្គញាណដែលមានតួនាទីជាច្រមុះ។ ពួកវាមានលក្ខណៈដូចគ្នាត្រង់ចំណុចទាំងនោះ។
សត្វនេះគឺជាជន្លេនសំប៉ែតកម្រាលព្រំពែរ្ស (Persian carpet flatworm – Pseudobiceros bedfordi) ព្រោះតែវាមានរូបរាងដូចគំនូរយ៉ាងស្រស់ស្អាត។ វាគឺជាអ្នកប្រមាញ់ចំណីដ៏ស្រេកឃ្លាន។
នៅពេលបន្តពូជ ជន្លេននេះក៏មានភាពកោងកាច។ វាអាចស្រូបក្លិនដឹងថាមានជន្លេនសំប៉ែតមួយផ្សេងទៀតនៅក្បែរ ជាដៃគូស្នេហាដ៏មានសក្ដានុពល។ ដំបូង ពួកវាហាក់មានការប្រុងប្រយ័ត្នចំពោះភាគីម្ខាងទៀត ហើយប្រការនេះគឺមានមូលហេតុសមរម្យរបស់វា។
ទាំងពីរសុទ្ធតែប្រឹងប្រែងដើម្បីចៀសវាងការលំបាកនាពេលខាងមុខ នោះគឺការថែរក្សាពងបន្ទាប់ពីបានបន្តពូជ។ ល្អបំផុតគឺមិនត្រូវបណ្ដោយឱ្យ «មានផ្ទៃពោះ»។
ពួកវាដំឡើងខ្លួនឱ្យត្រង់ បង្ហាញប្រដាប់បន្តពូជមួយគូរបស់វា។ ពួកវាចាប់ផ្ដើមប្រយុទ្ធដើម្បីចៀងវាងការពពោះ។ ពួកវាព្យាយាមប្រើប្រាស់ប្រដាប់ភេទរបស់ពួកវា ចាក់ដើម្បីបង្កកំណើតឱ្យគូប្រជែង ដោយមិនបណ្ដោយឱ្យខ្លួនត្រូវរងការ «រំលោភ» បានមុន។
ការចាក់មួយ «ស្នៀត» ទៅលើកន្លែងណាមួយលើរាងកាយរបស់គូប្រជែង ក៏សុទ្ធតែអាចបង្កកំណើតបាន។ ការចាក់ដែលជោគជ័យមួយគឺស្មើនឹងការចាក់បញ្ចូលមេជីវិតទៅក្នុងរាងកាយគូប្រជែង។ បន្ទាប់ពីចាក់បានសម្រេច ការប្រយុទ្ធក៏បានបញ្ចប់។
ជន្លេនសំប៉ែតដែលចាញ់ការប្រយុទ្ធនឹងមានស្នាមរបួសលើដងខ្លួន ហើយក៏ត្រូវបំពេញភារកិច្ចជាអ្នកបង្កើតពង ដើម្បីបន្តពូជ។ អ្នកចាញ់ការប្រយុទ្ធនេះ នឹងមានការលើកទឹកចិត្តតែមួយគត់ នោះគឺកូនរបស់វានឹងមានហ្សែនរបស់ «អ្នកប្រយុទ្ធដ៏អស្ចារ្យ» ដែលបានយកឈ្នះលើវា៕